ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវលេខ១៩២ ស្ថិតនៅក្នុង សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក បានធ្វើការរិះគន់ទៅលើអាជ្ញាធរមូលដ្ឋាន ក៏ដូច ជាក្រសួងស្ថាប័នដែលពាក់ព័ន្ធថា ពុំបានយកចិត្តទុកដាក់ចំពោះផ្លូវមួយខ្សែនេះទេ គឺទុក ឲ្យខូចស្ទើរតែទាំងស្រុងបង្កឲ្យមានការលំបាក ដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរជារៀងរាល់ថ្ងៃ ហើយបើទោះបីមានបណ្តាញព័ត៌មានជាច្រើនបានចុះផ្សព្វផ្សាយពីផ្លូវលេខ១៩២នេះក្តីក៏មិនឃើញអាជ្ញាធរដែនដីយកចិត្តទុកដាក់ដែរ ។
ផ្លូវលេខ១៩២ នេះត្រូវគេទុកចោលតាំងពីផ្លូវមានជង្ហុកតូចៗ រហូតក្លាយទៅជាជង្ហុកធំៗនិងមានដក់ទឹកស្ទើរក្លាយទៅជាត្រពាំងទៅហើយគ្មានមន្ត្រីស្ថាប័នពាក់ព័ន្ធណាចាប់អារម្មណ៍ធ្វើការជួសជុល ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរនោះទេ ។
ជារៀងរាល់ថ្ងៃប្រជាពលរដ្ឋដែលធ្វើ ដំណើរឆ្លងកាត់តាមផ្លូវមួយនេះបានរអ៊ូរទាំគ្រប់ៗគ្នា ដោយសារតែពួកគាត់ពិបាកធ្វើ ដំណើរ និងជាពិសេសបានបង្កឲ្យមានគ្រោះថ្នាក់ថែមទៀតផង ដោយសារតែប្រជាពលរដ្ឋជិះម៉ូតូឬកង់ធ្លាក់ចូលក្នុងជង្ហុកដ៍ធំ និងជ្រៅ មានទឹកដក់ ។
បើនិយាយពីភ្លៀងធ្លាក់វិញផ្លូវលេខ១៩២ នេះគឺតែងតែមានទឹកដក់ពេញនៅក្នុងជង្ហុកធំៗនោះតែម្តងគ្មានអ្នកណាម្នាក់ចេញមកអើពើឡើយ ។
ប្រជាពលរដ្ឋបន្តថា មិនគួរទេផ្លូវនៅ ចំកណ្តាលក្រុងខូចគ្មានអ្នកអើពើជួសជុល បែបនេះឬមួយក៏ផ្លូវនេះនៅខាងក្នុងគ្មាន មន្រី្ត និងអ្នកធំបើកឆ្លងកាត់ទើបអាជ្ញាធរ មើលមិនឃើញ?
ប្រជាពលរដ្ឋបានសំណូមពរដល់លោកអភិបាលខណ្ឌទួលគោក ដែលមិនសូវយកចិត្តទុកដាក់ពីសុខទុក្ខរបស់ពួកគាត់ និង មន្ត្រីជំនាញ មេត្តាជួយចុះទៅពិនិត្យមើលផ្លូវលេខ១៩២នេះផង ព្រោះឃើញទុក ចោលយូរហើយ គ្មានអ្នកណាចាប់អារម្មណ៍ទាល់តែសោះ ។ ជាពិសេសលោកអភិ បាលរាជធានីភ្នំពេញ មេត្តាចុះមកពិនិត្យមើលដោយខ្លួនឯងផ្ទាល់ផង តើវាយ៉ាងម៉េចបានជាអាជ្ញាធរខណ្ឌមិនព្រមជួសជុលផ្លូវនេះ? តើទុកឲ្យប្រជាពលរដ្ឋរិះគន់ដល់កាលណាទៀតទើបមកធ្វើ ៕ ជ្រោយពេជ្រ