ខេត្តស្ទឹងត្រែង ៖ រថយន្តធំ១គ្រឿងបាន បើកគេចដើមឈើដែលបាក់កាត់ទទឹងផ្លូវនៅចំណុចផ្លូវកោងបណ្តាលឲ្យក្រឡាប់ ជាច្រើនត្រឡប់ចូលស្នាមភ្លោះ បង្កឲ្យអ្នកបើកបរនិងព្រូរថយន្តរងរបួសមធ្យមផងដែរ ។ ករណីខាងលើនេះបានកើតឡើង នៅវេលាយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ក្នុងភូមិត្នោតថ្មី ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
បើតាមអ្នកភូមិនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលមានរថយន្តបើកគេច ដើម ឈើ ហើយក្រឡាប់ចូលស្នាមភ្លោះនេះ មានភ្លៀងមួយមេយ៉ាងធំលាយឡំជាមួយនឹងខ្យល់កន្ត្រាក់ផង បណ្តាលឲ្យដើមចំបក់ដ៏ធំនៅក្បែរថ្នល់បាក់ដួលរលំកាត់ទទឹងផ្លូវ ប៉ុន្តែ ទំនងជាដោយសារយប់ងងឹតសមត្ថកិច្ច និងអាជ្ញាធរត្រូវរង់ចាំដល់ព្រឹក ទើបកាប់ស្ទូចយកដើមចំបក់ដែលបាក់នោះចេញ ហើយ ចៃដន្យរថយន្តខាងលើបើកគេចក៏ក្រឡាប់ ធ្លាក់ស្នាមភ្លោះទៅ ។ អ្នកភូមិបានឲ្យដឹង ទៀតថា ដើមចំបក់១ដើមនេះមានអាយុកាលច្រើនឆ្នាំមកហើយ និងបានងាប់ពុកផុយជាច្រើនឆ្នាំហើយដែរ ទើបពេលមានភ្លៀង ខ្យល់ក៏បាក់តែម្តង ។
គ្រួសារមួយដែលរស់នៅមិនឆ្ងាយពីដើមឈើមួយដើមនេះបានសម្តែងនូវការភ្ញាក់ផ្អើលពេលដែលឃើញដើមឈើដួលរលំ និងបានសម្តែងនូវអារម្មណ៍ភ័យរន្ធត់ ក៏ដូច ជាកន្លង ទៅមុនពេលដើមឈើនេះ រលំដួលក៏មានការភ័យខ្លាចពេលធ្វើដំណើរឆ្លងកាត់ទីនោះដែរ ។ កន្លងទៅអ្នកភូមិមានគម្រោង រកឱកាសកាប់និងផ្តួលរលំជៀសវាងមានគ្រោះ ថ្នាក់ ដោយសារដើមឈើពុកផុយនេះ ដួលសង្កត់ត្រូវ ។
លោក ម៉ា ខុន អាយុ៤៤ឆ្នាំ ជាព្រូរថយន្ត ដែលជួបគ្រោះថ្នាក់ខាងលើនេះឲ្យដឹងថា នៅវេលាម៉ោង០០និង១៥នាទីរំលងពេលដែលរថយន្តរបស់ខ្លួនបើកមកដល់ចំណុចកើតហេតុ មេឃកំពុងធ្លាក់ភ្លៀងខ្លាំង និងមេឃងងឹតត្រង់ចំណុចផ្លូវកោងហើយពេលរថយន្តបត់ស្តាំ ស្រាប់តែឃើញដើមឈើបាក់ដួលកាត់ទទឹងថ្នល់ ។ នៅវេលានោះអ្នកបើកបររថយន្តបានបួងចង្កូតមកស្តាំដើម្បីគេចពីគល់ឈើដែលបាក់ ក៏ជ្រុលទៅបុកមែក និងដើម ខាងចុងបណ្តាលឲ្យក្រឡាប់ធ្លាក់ ចូលស្នាមភ្លោះតែម្តង ។
ព្រូរថយន្តខាងលើនេះបានឲ្យដឹងដែរថា រថយន្តរបស់ខ្លួនបានដឹកស៊ីម៉ងត៍ពីប៉ោយប៉ែតឆ្លងកាត់ខេត្ក ស្ទឹងត្រែង យកទៅខេត្ត រតនគិរី ហើយរថយន្តពេលដែលក្រឡាប់ បណ្តាលឲ្យខូចយ៉ាងដំណំ តែខ្លួន(ព្រូរថ យន្ត) និងអ្នកបើកបរមិនមានរបួសធ្ងន់នោះទេ ព្រោះពេលដែលរថយន្តក្រឡាប់ មានល្បឿនយឺតទៅហើយ ។
ករណីរថយន្តបើកគេចដើមឈើបាក់ ទទឹងផ្លូវបណ្តាលឲ្យរថយន្តខូចយ៉ាងដំណំនេះ តើអ្នកណាជាអ្នកទទួលខុសត្រូវ? រឿងភ្លៀងខ្យល់និងបាក់ដើមឈើវាជារឿងគ្រោះ ធម្មជាតិ ។ ក៏ប៉ុន្តែសម្រាប់ដើមឈើពុកផុយរាប់ឆ្នាំមកហើយនោះអាជ្ញាធរនិងមន្ត្រីមន្ទីរពាក់ព័ន្ធ ហេតុអ្វីមិនចុះពិនិត្យគោះមើលដើមឈើទាំងនោះ ដើម្បីកាប់ចោលជៀសវាងមានគ្រោះថ្នាក់ដូចខាងលើនេះ?
កន្លងទៅគេបានសង្គេតឃើញថា ពេលដែលប្រជាពលរដ្ឋកាប់ដើមឈើនៅមុខផ្ទះ ដែលគិតថា មើលឈើនោះអាចមានគ្រោះថ្នាក់នត្រូវបានអាជ្ញាធរចាប់ ឬផាកពិន័យ តែដល់ ពេលដើមឈើបាក់សង្កត់រថយន្ត ឬខូចផ្ទះ សម្បែងប្រជាពលរដ្ឋមិនឃើញមានអ្នកណាចេញមុខសងទ្រព្យសម្បតិ្ត ពួកគាត់ឡើយ ហើយបញ្ហានេះនៅតែ ដដែលៗ ល្មមអស់លោកអាជ្ញាធរមូលដ្ឋានកែប្រែទម្លាប់អាក្រក់នេះចោលហើយ ៕ សហការី