ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែធ្នូ ខេត្តត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល និងខេត្តតាកែវ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០%

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែធ្នូ  ខេត្តត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល និងខេត្តតាកែវ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០%។

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ៖

ខ្យល់មូសុងឦសាន នៅតែមានឥទ្ធិពលខ្លាំង ខណៈសម្ពាធទាបដែលគ្របដណ្តប់លើ សមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ ភាគខាងក្រោមនៃអាងទន្លេមេគង្គនិងលើព្រះរាជាណាចក្រ កម្ពុជាបានថយឥទ្ធិពល។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤

១-តំបន់វាលទំនាប៖

សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ខ្យល់បក់មក ពីទិសឦសាន និងអាគ្នេយ៍មានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។ ខេត្តត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល និងខេត្តតាកែវ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០%។

២-តំបន់ខ្ពង់រាប៖

សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់ មកពីទិសឦសាន និងបូពីមានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី៥%។

៣-តំបន់មាត់សមុទ្រ៖

-សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់ មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម៣,៥ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០%។

-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ។

-អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖