ព័ត៌មានទាន់ហេតុការណ៍៖

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៦នាក់ទៅសាលាដំបូង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ៦នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី ។ 

សមត្ថកិច្ចបន្តថាៈ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះចំនួន០២នាក់ គឺឈ្មោះ សុង សុជាតិ ភេទប្រុស អាយុ៣១ឆ្នាំ និងឈ្មោះ ចន សៀន ភេទប្រុស អាយុ៥១ឆ្នាំ ស្ដីពីករណី ចេារលួចម៉ូតូ  ប្រព្រឹត្តកាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ និងវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងរួច កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះស្រាវជ្រាវនិងកំណត់មុខសញ្ញា រហូតដល់វេលាម៉ោង១៤និង ៤០នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ជាបន្ដបន្ទាប់ មានឈ្មោះដូចខាងក្រោម៖ 

   ១.ឈ្មោះ រតនា សិលា ហៅ ពេជ្រ,និច,ឡា ភេទស្រី អាយុ ២៧ឆ្នាំ , ២.ឈ្មោះ ហង្ស សុផារ៉ា ហៅលីសា ភេទប្រុស អាយុ ២៤ឆ្នាំ , ៣.ឈ្មោះ កែវ ជីវ៉ា ហៅវ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ, ៤.ឈ្មោះ អ៊ី ថានិន ហៅកុយ ភេទប្រុស អាយុ ២២ឆ្នាំ, ៥.ឈ្មោះ អ៊ី ឡុងឈិញ ភេទប្រុស អាយុ ២៤ឆ្នាំ, ៦.ឈ្មោះ សាយ ថងឌី ហៅកណ្ដុរ ភេទប្រុស អាយុ ២០ឆ្នាំ ។ ការឃាត់ខ្លួននេះធ្វើឡើងនៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រួមទាំងដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ ៤គ្រឿង, កាំបន្ទះម៉ូតូ ពណ៌ខ្មៅ  ចំនួន០២, ដែកឆាប ដងរុំអំបោះពណ៌ខ្មៅ មានស្រោម ពណ៌ខ្មៅ  ចំនួន០១, ទូរស័ព្ទ ៦គ្រឿង , កុំព្យូទ័រ ពណ៌ខ្មៅ  ចំនួន០១ គ្រឿង,  រួមនឹងសម្ភារៈមួយចំនួនទៀត ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណដើម្បីសួរនាំ និងដើម្បីចំណាត់ការតាមនីតិវិធី ហើយបានធ្វើតេស្តទឹកនោមរកសារធាតុញៀនលើជនសង្ស័យទាំង៦នាក់ ជាលទ្ធផលវិជ្ជមាន(+)។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ពិនិត្យឃើញថាពិតជាមានការស៊ីសង្វាក់គ្នាយ៉ាងជាក់លាក់ពីករណីខាងលើ ហើយរងការចោទប្រកាន់ពីករណីលួចម៉ូតូ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ 

ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ 

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។  ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ៖ វណ្ណា


ចែករំលែក៖