ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលអន្តោប្រវេសន៍បានសហការជួយសមត្ថកិច្ចជំនាញក្រុងប៉ោយប៉ែតចុះធ្វើការណែនាំដល់ម្ចាស់ឡំប្រឺតាឬម៉ូតូកង់បីបណាដែលបានបិទស្គុតជាប៉ាយអនឡាញនៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។
សមត្ថកិច្ចប្រាប់ថាៈកម្លាំងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍បានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះធ្វើការផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់ឡំប្រឺតាដែលមានបិទស្លាកសញ្ញាពាក់ព័ន្ធនឹងល្បែងអនឡាញគ្រប់ប្រភេទហើយបាននិងកំពុងធ្វើចរាចរណ៍ដឹកអ្នកដំណើរលើដងផ្លូវសាធារណៈត្រូវបកចេញពីឡំប្រឺតាទាំងអស់ និងមិនត្រូវមានបិទស្លាកសញ្ញាល្បែងអនឡាញគ្រប់ប្រភេទទៀតទេ។
ករណីបុគ្គលណានៅតែមិនអនុវត្តតាមការណែនាំខាងលើ ត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ ។ ក្នុងនោះលោកវរសេនីយ៍ទោព្រហ្ម ពិសិដ្ឋ បញ្ជាក់បន្ថែមថាៈ ក្នុងការចុះអនុវត្តនិងអប់រំផ្សព្វផ្សាយជូនទៅដល់បងប្អូនប្រជាពលរដ្ឋដែលមានយានយន្តបិទស្លាកប៉ាណូពាក់ព័ន្ធនឹងល្បែងអនឡាញអោយធ្វើការចូលរួមបកចេញចាប់ពីថ្ងៃចុះអប់រំរហូតដល់ថ្ងៃទី១១ខែធ្នូឆ្នាំ២០២៤នេះ បើពុំនោះទេនឹងចាត់វិធានការតាមផ្លូវច្បាប់។
សូមរំលឹកថាៈ ប៉ាយអនឡាញត្រូវបានក្រុមហ៊ុនអនឡាញជួលម៉ូតូកង់បីឫឡំប្រឺតាក្នុងមួយគ្រឿងចាប់ពី៤០០បាតប្រាក់ថៃទៅ៧០០បាតក្នុងមួយខែៗដើម្បីផ្សព្វផ្សាយស្លាកពាណិជ្ជកម្មធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈប៉ះពាល់ដល់ភ្ញៀវជាតិនិងអន្តជាតិដែលចេញចូលតាមច្រកទ្វារបង្ហាញថា នៅទីក្រុងមួយនេះសំបូរទៅដោយអនឡាញ ៕
ដោយ ៖ វណ្ណា