ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រយាងជាព្រះរាជាធិបតីសម្ពោធប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី នៅវត្តស្វាយពពែ

ចែករំលែក៖

ភ្នំពេញ​៖​ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណា​ចក្រ​ចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជ​ពិធី​សម្ពោធ​ប៉ុស្តិ៍​សុខភាព សម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី និងខួប​លើក​ទី៣៣​ឆ្នាំ នៃគណៈធម្មយុត្តិកនិកាយ នៃ ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងខួបលើកទី២០ឆ្នាំ នៃ​ការ​បង្កើតពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ​២០២៤នេះ​ នៅក្នុងបរិវេណវត្តស្វាយពពែ ក្នុងសង្កាត់​ទន្លេ​បាសាក់ ខណ្ឌចំការមន ។

សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេច​ព្រះ​មហា​សង្ឃ​រាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិក​សាក​លវិទ្យាល័យព្រះសីហ មុនីរាជា និងជាព្រះប្រធានប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះ​ករុណាព្រះមហាក្សត្រ សីហមុនី មានព្រះរាជ សុន្ទរកថាបញ្ជាក់ថា ក្រៅពីការអប់រំបណ្តុះបណ្តាល កិច្ចការ​មនុស្សធម៌ និងការផ្តល់កន្លែងស្នាក់នៅដល់សមណ និស្សិត និស្សិតខ្វះខាត ពុទ្ធិក​សាកល​វិទ្យាល័យព្រះសីហមុនីរាជា ក៏បានយកចិត្តទុកដាក់លើវិស័យសុខភាពសា ធារណៈ និង​មាន​ចក្ខុវិ​ស័យ​ជួយផ្តល់សេវាព្យាបាល និងថែទាំសុខភាពដល់សមណសិស្ស និស្សិត និងប្រជាពលរដ្ឋ ទូទៅ ដែលមានជីវភាពខ្វះខាត ដោយបង្កើតឱ្យមានប៉ុស្តិ៍សុខភាព នៅពុទ្ធិកសាកល​វិទ្យាល័យ​ព្រះសីហមុនី​រាជា។

សម្ដេចបញ្ជាក់ថា នាខែមករា ឆ្នាំ២០២៤ បានចាប់ផ្តើមរៀបចំជួសជុល និងកែលម្អអតីត​ទី​ចាត់​ការ​ទូទៅ គណៈសង្ឃនាយកគណៈធម្មយុត្ត បំពាក់បរិក្ខារវេជ្ជសាស្ត្រ រៀបចំរចនាសម្ព័ន្ធ បច្ចេក​ទេស និងលិខិត បទដ្ឋាននា នា ដើម្បីឱ្យប៉ុស្តិ៍សុខភាពមានលក្ខណៈត្រឹមត្រូវស្របតាមស្តង់ដា និង​មាន​ការទទួលស្គាល់ពីក្រសួងសុខាភិបាល ។ រយៈពេលបីខែ ចាប់ពីខែសីហា ឆ្នាំ២០២៤ ប៉ុស្តិ៍​សុខភាព បានចំណាយថវិកាប្រមាណ១ម៉ឺន៥០០ដុល្លារ លើវេជ្ជ បណ្ឌិត និងគិលានុបដ្ឋាក ចំនួន​៥រូប ការទិញបរិក្ខារពេទ្យ និងថ្នាំពេទ្យបន្ថែម ។ ការបង្កើតប៉ុស្តិ៍សុខភាពនេះ បានចំ ណាយថវិកា ចំនួន១៥ម៉ឺន៩ពាន់ដុល្លារ និងមានបម្រើសេវាថែទាំសុខភាព និងព្យាបាលជម្ងឺផ្សេងៗ តាមស្តង់ដា បច្ចេក​ទេសត្រឹមត្រូវ ដោយរៀបចំឱ្យមានជាបន្ទប់ពិសោធន៍ បន្ទប់ថតកាំរស្មី អ៊ិច ពិនិត្យអេកូ វះកាត់តូច ពិគ្រោះជំងឺ ឱសថស្ថាន សម្រាកព្យាបាល សង្គ្រោះបឋម និងរថយន្តសង្គ្រោះបន្ទាន់ រួម​ទាំងរៀបចំជាផ្នែកសំខាន់ៗចំនួន៦ និង បំពាក់នូវបរិក្ខារតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ។

ជាមួយ​នឹង​ព្រះរាជ​បន្ទូ​លនាំ​មកនូ​វ​ព្រះរាជ​បណ្តាំ​ផ្ញើសួរ​សុខទុ​ក្ខ និង​សេចក្តី​នឹក​រឭក​ដ៏​ជ្រាល​ជ្រៅអំ​ពី​សម្តេច​ព្រះមហាក្សត្រី ព្រះររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុតជូនសម្តេច ព្រះ​អង្គ​ម្ចាស់ ព្រះអង្គម្ចាស់ ក្សត្រី អ្នកម្នាង ព្រះរាជវង្សានុវង្ស ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ប្រិយមិត្តបរទេស បងប្អូនជន​រួម​ជាតិ​ទាំង​អស់​ដែលបា​នអញ្ជើញមកចូលរួមក្នុងពេលនេះ ព្រះករុណាជាអម្ចាស់ជីវិត លើត្បូង បានមាន​ព្រះរាជ​បន្ទូលកោតសរសើរថ្វាយសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេស បណ្ឌិត បួរ គ្រី ដែលបានខិតខំអស់ពីព្រះកាយពល ព្រះបញ្ញាញាណ ក្នុងការស្វែងរកមូលនិធិ សម្រាប់​កសាងរាជ សមិទ្ធផលផ្នែកសុខាភិបាលនៅតាមទីអារាម ដើម្បីថែទាំ និងព្យាបាល​ជំងឺ​ប្រគេន​ព្រះសង្ឃ និងជូនបងប្អូនប្រជា ពលរដ្ឋ ជាពិសេសប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី នេះជាដើម ។

ព្រះអង្គ​ក៏បានកោតសរសើរដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដែលបានយក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បំពេញ​ភារកិច្ចជួយសង្គ្រោះនិងពិនិត្យ ព្យាបាលអ្នកជំងឺបានល្អប្រសើរ។ ប៉ុស្តិ៍សុខភាពនេះ ពិតមែន​តែមានទំហំតូច ប៉ុន្តែក៏ មានកន្លែងស​ម្រាប់​ជួយស​ម្រាលប​ន្ទុក​ការងារ​នៃ​វិស័យ​សុខាភិបាល​បានមួយកម្រិត ដែលប្រជារាស្ត្រអាចទៅព្យា បាល និងពិគ្រោះជំងឺបានជារៀងរាល់ថ្ងៃ ។ បើមានជំងឺធ្ងន់ធ្ងរ គ្រូពេទ្យ អាចបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យ បង្អែក នៅរាជធានី ឬមន្ទីរពេទ្យកាល់ម៉ែត ឬមន្ទីរពេទ្យធំៗដទៃទៀត ដែលអាចធ្វើឱ្យសុខុមាលភាព និងជីវភាព ប្រជារាស្ត្រ បានធូរស្រាលមួយកម្រិតទៀត និងជួយសម្រាលបន្ទុករបស់រដ្ឋផងដែរ ក្រោមការ​ដឹក​នាំដ៏​ឆ្នើម​ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហា​រដ្ឋ​សភា​ធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

ដោយ​៖ តារា


ចែករំលែក៖