ភ្នំពេញ៖ ដំណឹងលែងលះរបស់គូស្នេហ៍អ្នកសិល្បៈគឺលោក ប៉ែន ចំរ៉ុង និងនាង ភិន សុដាលីស បានធ្វើឲ្យកក្រើកអស់មហាជនជាថ្មីក្រោយរួមគ្នាគាមិនបានមួយឆ្នាំផង។ ការលែងលះប្រពន្ធទាំងមានផ្ទៃពោះនេះ បានធ្វើឲ្យមហាជនមួយចំនួនចេញរិះគន់តារាសម្តែង និងពិធីករប៉ែន ចំរ៉ុងមិនសំច្ចៃមាត់និងធ្វើឲ្យប្រជាប្រិយភាពរបស់តារា វោហាបានរូបនេះថមថយ ហើយទីផ្សារការងាររបស់តារាសម្តែងរូបនេះក៏ត្រូវបានគេ ទម្លាយថាស្រកស្រុតចុះជាលំដាប់ ។
ក្រោយពេលលែងលះ និងបន្ទាប់ពី ភិន សុដាលីស ចេញមុខធ្វើសន្និសីទផ្អើលអស់មហាជននោះធ្វើឲ្យមហាជនពិសេសអ្នកគាំទ្រតារាសម្តែង ប៉ែន ចំរ៉ុងកាន់តែខកចិត្តនិងរិះគន់ចំៗចំពោះទង្វើមិនមានទំនួលខុសត្រូវរបស់លោក ប៉ែន ចំរ៉ុង។ ការរិះគន់នេះក៏បានទាញទម្លាក់ទីផ្សារការងារតារាសម្តែងរូបនេះមិនតិចទេ។ ដំណឹងចុងក្រោយពី ផលិតករមួយចំនួនលើកឡើងថា ពួកគេហាក់ខ្លាចរអាក្នុងការអញ្ជើញប៉ែន ចំរ៉ុងឲ្យចូលរួមសម្តែងខ្សែភាពយន្តបើទោះបីជា៣ឆ្នាំចុងក្រោយនេះភាពល្បីល្បាញរបស់ ប៉ែន ចំរ៉ុងឡើងដល់ចំណុចកំពូលដែលស្ទើតែគ្មានពេលដេកពួនក៏ដោយ ។
ប្រភពលើក ឡើងថា ការសម្រេចចិត្តមិនហៅប៉ែន ចំរ៉ុងថតព្រោះតែពេលនេះតារាសម្តែងរូបនេះ កំពុងតែចោមរោមដោយការរិះគន់ពីទស្សនិកជន។ ប្រភពលើកឡើងថា ថ្មីៗនេះមាន ភាពយន្តដែលតារាសម្តែង ប៉ែន ចំរ៉ុងចូល រួមសម្តែងហើយបានដាក់បញ្ចាំងនៅរោងភាពយន្ត ប៉ុន្តែមិនទទួលបានការគាំទ្រច្រើនទើបផលិតករជាច្រើនខ្លាចរអា។ មិនត្រឹមតែប៉ុណ្ណោះក៏មានខ្សែភាពយន្តមួយចំនួនដែលតារាសម្តែងរូបនេះបានចូលរួមសម្តែងផលិតចប់សប់គ្រប់ប៉ុន្តែបានពន្យាការចាក់បញ្ចាំងព្រោះតែខ្លាចប្រឈមនឹងការធ្លាក់ចុះចំនួននៃអ្នកទស្សនា ។ ជាក់ស្តែងដូចជារឿង”អាមោឃលក់ម៉ាំ”របស់ផលិតកម្មមហា ហង្សជាដើម។ ក្រៅពីនេះសូម្បីតែការងារជាពិធីករក៏ត្រូវបានអ្នកទស្សនារិះគន់ដែរ។ ផលិតករនៅស្ថានីយទូរទស្សន៍មួយលើកឡើងថាកម្មវិធីដែលតារាសម្តែងប៉ែន ចំរ៉ុងកាន់ការងារជាពិធីករហាក់ថមថយអ្នកទស្សនា ហើយក៏មានអ្នកខ្លះរិះគន់អំពីវត្តមានធ្វើពិធីកររបស់តារាសម្តែងរូបនេះចំៗតែម្តង។
លោក ប៉ែន ចំរ៉ុងនៅមិនទាន់អាចស្វែងរកការបញ្ជាក់បាននៅឡើយទេ ជុំវិញការដាំក្បាលចុះនៃទីផ្សារការងារសិល្បៈនេះ ។
លោក អីុន សុភិន អគ្គនាយកផលិតកម្មមហាហង្សទទួលស្គាល់ថា ផលិតកម្មលោកពិតជាពន្យាពេលក្នុងការដាក់បញ្ចាំងខ្សែភាពយន្តរឿង”អាមោឃលក់ម៉ាំ”ដែលមាន ប៉ែន ចំរ៉ុង សម្តែងជាតួឯកជាមួយនឹង កញ្ញាជីជីពិតប្រាកដមែនបើទោះបីជារឿង លោកលើកឡើងថា ផលិតចប់តាំងពីដើមឆ្នាំ២០១៦មកក៏ដោយ។ លោកថា “ខ្សែភាព យន្តនេះមានគុណភាពល្អ គាត់សម្តែងត្រូវតាមចរិកតួអង្គបែបមោឃៗរបស់គាត់ ហើយគុណភាពរឿងក៏ល្អ ប៉ុន្តែខ្លាចក្រែងគេមិនចូលមើលនិងគេជេពេលដាក់បញ្ចាំងឬផ្សព្វផ្សាយ”។ លោកថាគាត់(ប៉ែន ចំរ៉ុង) បានកុហក និងបោកប្រាស់ទស្សនិកជនច្រើនទើបនាំឲ្យទស្សនិកជនមិនពេញ ចិត្ត។ លោក នៅមិនទាន់កំណត់បាននៅឡើយទេថា តើពេលណានឹងដាក់បញ្ចាំងខ្សែភាពយន្តខាងលើនៅរោងភាពយន្តទេ គឺអាចនៅពេលដែលតារាសម្តែងរូបនេះល្បីឈ្មោះឡើងវិញទើបលោកសម្រេចចិត្តចាក់បញ្ចាំងហើយបើទោះបីជាខ្សែភាពយន្តនេះចំណាយអស់ជាង៤ម៉ឺនដុល្លារអាមេរិកក្តីក៏លោកមិនខ្វល់ពីការខាតបង់ហើយក៏មិនស្តាយដែរ ។
គួរបញ្ជាក់ដែរថា ដំណឹងនៃការលែង លះគ្នារវាង ប៉ែន ចំរ៉ុង និង ភិន សុដាលីសត្រូវបានលេចធ្លាយឡើងចាប់តាំងពីអំឡុងខែមេសាមកម៉្លេះ ក្រោយពីអ្នកទាំងពីររូម រស់ជាមួយគ្នាក្រោមការចុះសំបុត្រអាពាហ៍ពិពាហ៍មិនដល់១ឆ្នាំផង។ ក្រោយធ្លាយ ដំណឹងដាក់ពាក្យប្តឹងលែងលះភរិយាដែលមានផ្ទៃពោះជិត៤ខែ មានមតិរិះគន់ជាច្រើនបាក់ស្រោចមកលើលោក ប៉ែន ចំរ៉ុង ថាជាបុរសដែលមិនមានទំនួលខុសត្រូវចំពោះប្រពន្ធកូន ផ្ទុយពីពាក្យដែលលោកសន្យាតាមកញ្ចក់ទូរទស្សនមុខមហាជនថា”បើទោះបីជាបងមិនមានមុខជំនួញមិនមាន ទ្រព្យច្រើនដូចគេ ប៉ុន្តែបងសន្យាននឹងធ្វើ ឲ្យអូនសើចច្រើនជាងយំ” ៕ វឌ្ឍនា
សូមអានបន្ត ៖អម្ពរ ទេវី នឹងបញ្ចប់អាជីពសិល្បៈក្រោយបញ្ចប់រឿង”ទឹកចិត្តម្តាយសម័យថ្មី”