ភ្នំពេញ៖ ការបង្ហាញវត្តមានថតខ្សែភាពយន្តដ៏កម្ររបស់តារាសម្តែងជើងចាស់ អ្នកនាង អម្ពរ ទេវី បានបង្កើតឲ្យមានការភ្ញាក់ផ្អើលអស់មហាជន។ ទោះជាយ៉ាងណាទស្សនិកជនអាចនឹងមានការខកចិត្តនិងសោកស្តាយច្រើនព្រោះតែតារាស្រីរូបនេះអាចនឹងបិទអាជីពសិល្បៈរបស់នាងក្រោយពីបញ្ចប់ការថតខ្សែភាពយន្តរឿង “ទឹកចិត្តម្តាយសម័យថ្មី”របស់ផលិតកម្មថោន ។
តារាសម្តែងអ្នកនាងអម្ពរទេវី បានមក ដល់កម្ពុជាកាលពីថ្ងៃទី១៣ ខែសីហា ដើម្បីមកសាកសួរសុខទុក្ខអតីតស្វាមី ពិសេសនាងសម្រេចចិត្តថតខ្សែភាពយន្តខ្នាតធំរឿង”ទឹកចិត្តម្តាយសម័យថ្មី”ដែលដឹកនាំសម្តែងដោយអ្នកស្រីពាន់ ភួងបុប្ផា។ តាមគម្រោងអ្នកស្រីនឹងបញ្ចប់ការថតនៅថ្ងៃទី២៥ ខែ សីហានេះ ហើយវាអាចនឹងក្លាយជាស្នាដៃចុងក្រោយរបស់អ្នកស្រីក្នុងអាជីពសិល្បៈ។ សិល្បករួមសម្តែងជាមួយអ្នកស្រីក្នុងខ្សែភាពយន្តខាងលើបានបញ្ជាក់ដូចៗគ្នាថា អ្នកស្រីអម្ពរ ទេវីនឹងលាឈប់ពីការងារ សិល្បៈព្រោះតែអ្នកស្រីមិនមានពេលគ្រប់គ្រាន់ដើម្បីសម្តែង។សិល្បករម្នាក់បញ្ជាក់ ថា គាត់(អ្នកនាង អម្ពរ ទេវី) ប្រាប់អ្នក សិល្បៈនិងផលិតករថាគាត់នឹងឈប់ទទួលការថតខ្សែភាពយន្ត ឬការងារសិល្បៈណាមួយទៀតទេព្រោះតែគាត់ចង់ទុកពេលវេលាមើលថែគ្រួសារ ។ ប្រភពបន្តថា អ្នកនាង អម្ពរ ទេវី គឺជាតារាសម្តែងដែលរួសរាយរាក់ទាក់ ហើយគាត់បានថ្លែងសោកស្តាយ ចំពោះការមិនមានពេលវេលាច្រើននៅកម្ពុជាដើម្បីសម្តែងខ្សែភាពយន្តនានាបានហើយអ្នកនាងក៏បានថ្លែងការកោតសរសើរចំពោះ សមត្ថភាពសម្តែងរបស់តារាប្រុសស្រីជំនាន់ក្រោយផងដែរ។ ប្រភពលើកឡើងដែរថា មុនពេលបញ្ចប់ការថតខ្សែភាពយន្តអ្នកនាងអម្ពរ ទេវី ក៏បានចូលរួមសម្តែងក្នុងបទ ចម្រៀងថ្មីមួយរបស់តារាចម្រៀង មាស សុខ សោភា គឺបទ”ឧត្តមស្វាមី”ផងដែរ ដែលការផលិតបទនេះទើបនឹងរួចរាល់កាលពីពេលថ្មីៗនេះ។ ប្រភពបន្តថា បទចម្រៀងនេះអ្នកស្រីបានសម្តែងរួមជាមួយនឹងដៃគូសម្តែងចាស់គឺលោក ទេពរិន្ទដារ៉ូ ដែលសម្តែងជា តួស្វាមី ។
រឿង”ទឹកចិត្តម្តាយសម័យថ្មី”ដែលជាខ្សែភាពយន្តខ្សែភាពយន្តខ្នាតធំរបស់ផលិតកម្មថោន ដែលដឹកនាំសម្តែងដោយអ្នកស្រីពាន់ភួងបុប្ផា បានប្រកាសចេញថតកាល ពីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ កន្លង មក។ តារាសម្តែង៤ជំនាន់ផ្សេងគ្នាដែល នឹងសម្តែងរូមគ្នាក្នុងខ្សែភាពយន្តនេះមានដូចជាសិល្បករល្បីជំនាន់ទសវត្សរ៍ទី៦០ អ្នកស្រីឌី សាវ៉េត តារាសម្តែងទសវត្សរ៍ទី៩០អ្នកនាងអម្ពរ ទេវី លោកទេព រិនដារ៉ូ តារាសម្តែងល្បីឈ្មោះក្នុងឆ្នាំ២០០០អ្នកនាងស៊ឹម សូលីកា និងអ្នកនាងស្វែង សុជាតា និងតារាសម្តែងល្បីឈ្មោះក្នុងពេលបច្ចុប្បន្ន គឺអ្នកនាងសុខ សោម៉ាវត្តី, កញ្ញា ឌុច លីដា, លោក យិតមាស ឧស្សាហ៍ និងតារាសម្តែងជាច្រើនរូបទៀតនឹងចូលរួមសម្តែងក្នុងខ្សែភាពយន្តរឿង”ទឹកចិត្តម្តាយសម័យថ្មី” ។ ក្រៅពីតារាសម្តែងល្បីឈ្មោះទាំងនេះក៏នឹងមានការបង្ហើរសំនៀងរបស់តារាចម្រៀងប្រុសស្រីល្បីឈ្មោះពីររូបគឺកញ្ញា មាស សុខ សោភា និងលោក ខេម ក៏នឹងត្រូវបានលើកយកមកដាក់បញ្ចូលក្នុងខ្សែភាពយន្តនេះ ផងដែរ។ ខ្សែភាពយន្តនេះត្រូវបានគេរំពឹងថា នឹងផ្ទុះចេញនូវការគាំទ្រច្រើនពីទស្សនិក ជនខណៈដែលវាគឺជាទស្សនីយភាពសិល្បៈពិសេសប្លែកមិនធ្លាប់មាន។ ខ្សែភាពយន្តនេះនឹងត្រូវចាក់បញ្ចាំងនៅរោងភាពយន្ត ក្នុងអំឡុងចុងឆ្នាំ២០១៦ ឬដើមឆ្នាំ២០១៧ ខាងមុខ ។
គួរបញ្ជាក់ដែរថាអតីតតារាសម្តែងស្រីល្បីឈ្មោះអ្នកនាង អម្ពរ ទេវី បានបាត់មុខ ពីការសម្តែងអស់រយៈពេលជាង១ទសវត្សរ៍មកហើយ។ គេនៅចាំបានថា វត្តមានតារា សម្តែងអម្ពរទេវី បានធ្វើឲ្យអ្នកទស្សនាចាំ មិនភ្លេចព្រោះតែនាងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងវិស័យសម្តែងភាពយន្ត។ ទោះបីជាប្រឡូកយ៉ាងជោគជាំនាងបានបន្សាត់ខ្លួនពីការសម្តែងដោយស្ងប់ស្ងាត់។
ជាង១០ឆ្នាំហើយដែលអតីតតារាសម្តែងស្រីល្បីឈ្មោះក្នុងអំឡុងទសវត្សរិ៍ទី៩០ រូបនេះបានបានចាកចេញ ពីកម្ពុជាទៅរស់នៅសហរដ្ឋអាមរិកដែលក្រោយមកនាងបានរៀបការប្តីថ្មី។ បច្ចុប្បន្នអ្នកនាងអម្ពរទេវីកំពុងរស់នៅ ទីក្រុង Tacoma រដ្ឋ Washington ជាមួយកូនពីរនាក់គឺកូនប្រុសបងឈ្មោះភិរុណ ឥន្ទបុត្រ អាយុ ១៤ឆ្នាំ និងកូនស្រីឈ្មោះភិរុណ លក្ស្មីទេវី អាយុ៦ឆ្នាំ។ នៅចុងទសវត្សរ៍ឆ្នាំ៨០ និងក្នុងទសវត្សរ៍ឆ្នាំ៩០ស្នាដៃសម្តែងខ្សែភាពយន្តរបស់អ្នកនាងអម្ពរ ទេវី បានសម្ដែង មិនតិចជាង១០០រឿងនោះទេដោយរឿងល្បីៗរួមមាន រឿង “សម្ដីចុងក្រោយ” រឿង “ឆ្អឹងអណ្ដែត” រឿង “ចុងស្រល់” និងរឿង “ជើងមេឃដាច់ស្រយាល”ជាដើម៕ វឌ្ឍនា
សូមអានបន្ត ៖ ដេកក្នុងមុងត្រូវសត្វថ្លែនចូលខាំចុករហូតដល់សន្លប់បាត់ស្មារតី