ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់មានអាការចុកចាប់ពេញខ្លួនរហូតដល់សន្លប់លែងដឹងខ្លួនបន្ទាប់ពីសត្វថ្លែនចូលខាំពេលកំពុង សម្រាកក្នុងមុងទាំងកណ្តាលអធ្រាត្រ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីយប់ឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅភូមិចាន់ ត្រក ឃុំក្រាំងស្គា ស្រុកទឹកផុស ខេត្តកំពង់ ឆ្នាំង ។
ក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា បុរសរងគ្រោះឈ្មោះឆាយ អាយុ៥៨ឆ្នាំ រស់នៅក្នុងភូមិ-ឃុំខាងលើ ។ នៅមុនពេលកើតហេតុក្រុមគ្រួសារជនរងគ្រោះបាននាំគ្នាចូលដេកស្ងាត់ទាំងអស់គ្នាស្រាប់តែពាក់កណ្តាលអធ្រាតម៉ោងជិត១យប់បុរសរងគ្រោះដែលកំពុងសម្រាកក្នុងមុងបានភ្ញាក់និងស្រែកថាចុកខ្លាំងណាស់ៗនិងរមួលពេញមុង។ ឃើញដូចនេះក្រុមគ្រួសារបាននាំគ្នា ចូលទៅមើលឃើញសត្វថ្លែនមួយក្បាលនៅទីនោះ។ មួយសន្ទុះក្រោយមកសង្ស័យដោយសារពិសថ្លែនធ្វើឲ្យជនរងគ្រោះកាន់តែមានអាការខ្លាំងឡើងៗរហូតសន្លប់បាត់មាត់បាត់កឈឹងតែម្តង ។ ឃើញស្ថានភាព ដូចនេះក្រុមគ្រួសារបានដឹកជនរងគ្រោះ មកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។
រហូតដល់ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ជនរងគ្រោះស្ថិតនៅសម្រាកព្យាបាលនិងតាមដានរបស់គ្រូពេទ្យនៅឡើយ ។
តាមមន្ត្រីអភិរក្សសត្វនិយាយថាសត្វថ្លែនគឺជាសត្វមួយដែលមានពិសខ្លាំងផងដែរ ដូចនេះត្រូវមានការប្រុងប្រយ័ត្នបើសត្វនេះខាំត្រូវប្រញាប់ប្រញ៉ាល់ដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីឲ្យគ្រូពេទ្យជួយសង្រ្គោះជីវិត ៕ ចន្ថា