ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ធ្វេីការស្រាវជ្រាវតាមចាប់ឃាត់ខ្លួនជនដៃដល់ម្នាក់ដែលបានធ្វើសកម្មភាពកាប់ប្រហារលើបុរសម្នាក់ចំនួន៣ ពូថៅ ដេរ៦៨ថ្នេរ បញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ កន្លងទៅ ។
នេះបេីយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ ឧត្ដមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ។
ក្នុងហ្វេសប៊ុកផេករបស់ឧត្ដមសេនីយ៍ ឯក ជួន ណារិន្ទ បានបញ្ចាក់ថា (សមត្ថកិច្ចយើងខ្ញុំ សូមជំរាបជូនបងប្អូនមហាជន មេត្តាជ្រាបថា: មានករណីកើតឡើងយើងខ្ញុំមិនដែលទុកចោលនោះទេ ខ្ញុំតាមដានដឹកនាំជំនាញជាប្រចាំក្នុងការស្រាវជ្រាវ!ដូចករណីនេះជាដើម យើងតាមឃាត់ខ្លួនជាមួយសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានហើយ។
ករណីនេះកើតឡើងដោយសារជនរងគ្រោះខ្លួនឯងផងដែរ (គឺកើតរឿងឡើងដោយសារស្រ្តីម្នាក់គាត់មានទំនាក់ទំនង❤️ច្រើន ខ្ញុំសុំមិនបញ្ចេញឈ្មោះនិងរូប)។
ខ្ញុំសូមផ្ញើជូនជនរងគ្រោះប្អូនប្រុស យឹម ដារិទ្ឋ និងបណ្ដាលអ្នកលេងតាមបណ្ដាញសង្គមមួយចំនួនតូច ច្រើនតែវាយប្រហារលើសមត្ថកិច្ចថាមិនមានសមត្ថភាព មិនចាត់ការតាមចាប់ជនសង្ស័យ (សមត្ថកិច្ចយើងខ្ញុំអនុវត្តន៍ភារកិច្ចតាមជំនាញវិជ្ជាជីវៈ និងវិធានច្បាប់គឺមិនមែនអនុវត្តន៍តាមអារម្មណ៍នោះទេបាទ)។
ខ្ញុំសូមអរគុណលោកពុកអ្នកម៉ែបងប្អូនដែលចូលរួមគាំទ្រសមត្ថកិច្ចយើងខ្ញុំ🙏ដោយសេចក្ដីគោរព🇰🇭។
ជាមួយគ្នានោះដែរ លោកឧត្ដមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ដើមចមនៃហេតុការណ៍អំពើកាប់ប្រហារនេះ ផ្ដើមចេញពីទំនាស់ក្នុងទំនាក់ទំនងស្នេហា។ ហេីយបច្ចុប្បន្ន នេះ ជនសង្ស័យខាងលេីកំពុងបញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដេីម្បីចាត់ការតាមច្បាប់ ៕
ដោយ ៖ ភារ៉ា ដង្កោ