ភ្នំពេញ៖ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈក្រសួង ក្នុងនាមតំណាងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការងារកិច្ចការរដ្ឋបាល និងកែទម្រង់រដ្ឋបាលសាធារណៈ» នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ នៅសាលប្រជុំទន្លេបាសាក់២។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពី លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងអាជ្ញាធរទន្លេសាប តំណាងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា អគ្គនាយកកិច្ចការរដ្ឋបាល អគ្គាធិការ ប្រធាននាយកដ្ឋាន ប្រធានមជ្ឈមណ្ឌល និងមន្ទីរធនធានទឹក និងឧតុនិយមទាំងអស់ចំណុះក្រសួងធនធានទឹក និងឧតុនិយម។
លោករដ្ឋលេខាធិការ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលថ្ងៃនេះគឺដើម្បីចូលរួមអនុវត្តន៍នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយប្រសិទ្ធភាពខ្ពស់ ខ្លាំង ឆ្លាតវៃ និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជនឱ្យកាន់តែប្រសើរ។
ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការ បានបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយមបានដាក់ចេញនូវផែនការអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីនៅតាមបណ្តាអង្គភាពថ្នាក់កណ្តាល និងថ្នាក់រាជធានី-ខេត្ត ស្របតាមវិធានគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈដែលក្នុងនោះរួមមានការពង្រឹងសមត្ថភាពនិងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព៕
ដោយ៖ តារា