ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលក្រុងបាវិត សេចក្តីជូនដំណឹងស្តីពីការចាត់វិធានការ ចំពោះការផ្សព្វផ្សាយពាណិជ្ជកម្ម ពាក់ព័ន្ធនឹងល្បែងភ្នាល់តាមប្រព័ន្ធអនឡាញ ដែលគ្មានច្បាប់អនុញ្ញាត

ចែករំលែក៖

ខេត្តស្វាយរៀង៖ រដ្ឋបាលក្រុងបាវិត បានចេញ សេចក្តីជូនដំណឹង ស្តីពីការចាត់វិធានការ ចំពោះការផ្សព្វផ្សាយពាណិជ្ជកម្ម ពាក់ព័ន្ធនឹងល្បែងភ្នាល់តាមប្រព័ន្ធអនឡាញ ដែលគ្មានច្បាប់អនុញ្ញាត។

យោង៖ លិខិតលេខ ១៤៨/២៤ ល.ស ចុះថ្ងៃព្រហស្បតិ៍ ៥រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្វាយរៀង។

រដ្ឋបាលក្រុងបាវិត មានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ សាធារណៈជន ក្រុមហ៊ុនល្បែងពាណិជ្ជកម្ម និងអាជីវករ ក្នុងក្រុងបាវិតទាំងអស់ឱ្យបានជ្រាបថា អនុលោមតាមមាត្រា ៧៣ នៃច្បាប់ ស្តីពីការគ្រប់គ្រងល្បែង ពាណិជ្ជកម្ម ចែងថា រាល់ការផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងពាណិជ្ជកម្ម ត្រូវសុំការ អនុញ្ញាត និងយល់ព្រម ពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ” ។

ក្នុងន័យនេះ រដ្ឋបាលក្រុងបាវិត សូមជម្រាបជូនបងប្អូន និងម្ចាស់អាជីវកម្មទាំងអស់ ដែលបានលើក ស្លាកផ្សព្វផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនឹងល្បែងភ្នាល់តាមប្រព័ន្ធអនឡាញ នៅក្នុងក្រុងបាវិត ដែលពុំមានលិខិត អនុញ្ញាត ចេញដោយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ត្រូវធ្វើការរុះរើស្លាកយីហោល្បែងពាណិជ្ជកម្ម និងបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មនេះ យ៉ាងយូរបំផុតរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ក្នុងករណីដែល បងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មទាំងអស់ មិនព្រមរុះរើ និងបញ្ឈប់ការ ផ្សព្វផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនឹងល្បែងភ្នាល់តាមប្រព័ន្ធអនឡាញ ដែលពុំមានលិខិតអនុញ្ញាត តាមការជូន ដំណឹងនេះទេ រដ្ឋបាលក្រុងបាវិត នឹងចាត់វិធានការរុះរើ ព្រមទាំងចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន ចំពោះបុគ្គលដែលបានផ្សព្វផ្សាយពាណិជ្ជកម្មនេះ នៅក្នុងក្រុងបាវិត ដោយថ្លៃចំណាយក្នុងការរុះរើជាបន្ទុក របស់ម្ចាស់ក្រុមហ៊ុន ឬម្ចាស់ទីតាំងសាមី ។

រដ្ឋបាលក្រុងបាវិត សង្ឃឹមយ៉ាងជឿជាក់ថា សាធារណៈជន លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ និងម្ចាស់ក្រុមហ៊ុនអាជីវកម្មទាំងអស់ ចូលរួមសហការអនុវត្តតាមខ្លឹមសារ នៃសេចក្តីជូនដំណឹងនេះ ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ៕

ដោយ៖ សុថាន


ចែករំលែក៖