ខេត្តកណ្តាល ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ទីរអង្គភាពជំនាញ មន្ត្រីពាក់ព័ន្ធអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យមើលស្ថានភាព ការស្ដារប្រឡាយរំដោះទឹកខ្សែទី២ នៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងឱកាសចុះពិនិត្យនេះដែរ លោកអភិបាលខេត្ត បានមានប្រសាសន៍ថា៖កន្លងមកប្រឡាយរំដោះទឹក មានសភាពតូចចង្អៀត និងរាក់បណ្តាលឱ្យស្ទះទឹក ហើយការស្តារប្រឡាយនេះគឺដើម្បីបញ្ចៀសនូវជំនន់ទឹកភ្លៀង នៅក្នុងក្រុងតាខ្មៅ ព្រោះជារៀងរាល់ឆ្នាំតែងតែបង្កផលប៉ះពាល់ដល់ការធ្វើដំណើរ និងការរស់នៅរបស់ប្រជាពលរដ្ឋ ម៉្យាងទៀតការស្តារប្រឡាយនេះក៏បានរួមចំណែកក្នុងការបញ្ចៀសនូវជំនន់ទឹកភ្លៀង និងជួយសំរួលផ្លូវទឹកនារដូវវស្សានាពេលខាងមុខនេះ។
លោកអភិបាលខេត្ត ក៏បានមានប្រសាសន៍សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ ក្នុងស្មារតីយោគយល់អធ្យាស្រ័យ ដើម្បីធ្វើយ៉ាងណាឱ្យផែនការនៃការស្តារប្រឡាយរំដោះទឹកនេះទទួលបានភាពជោគជ័យ។
ក្នុងឱកាសនោះផងដែរ លោកអភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋានដែលគៀកផ្ទាល់នឹងប្រជាពលរដ្ឋ ត្រូវខិតខំបំពេញការងាររបស់ខ្លួនដោយការទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវ៉ាសាធារណៈនានាជូនប្រជាពលរដ្ឋ និងត្រូវខិតខំដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់និងឆាប់រហ័ស។
សូមបញ្ជាក់ថា៖ ការងារស្តារប្រឡាយនេះ មានប្រវែងសរុបជាង២០០០ម៉ែត្រ នៅក្នុងភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ៕
ដោយ ៖ សិលា