ខេត្តឧត្ដរមានជ័យ: សមត្ថកិច្ចចម្រុះដឹកនាំ ដោយកម្លាំងគណៈបញ្ជាការឯកភាពខេត្តឧត្តរមានជ័យ និងការសហការចូលរួមមន្រ្ដីជំនាញផ្នែករដ្ឋបាល និងកងកម្លាំងនគបាលស្នងការខេត្តបានចុះបង្រ្កាបទីតាំងលាក់ទុកឈើប្រណិតប្រភេទធ្នង់ចំនួនរាប់រយកំណាត់ដែលបានដាក់គរដូចភ្នំនៅក្នុងដីលំនៅឋានមួយកន្លែង ស្ថិតនៅភូមិក្រសាំង ឃុំស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
ការចុះបង្រ្កាបទីតាំងលាក់ទុកឈើប្រណិតខាងលើ មិនត្រូវបានសមត្ថកិច្ចរឹបអូសនោះឡើយ ដោយសមត្ថកិច្ចបានអះអាងថា មានមន្រ្ដីស្រុកត្រពាំងប្រសាទម្នាក់ឈ្មោះប៊ុត សាវុធ បានទូរសព្ទ័មកសុំការចរចាដោយសូកប៉ាន់ដល់សមត្ថកិច្ចចំនួន១ពាន់ដុល្លារ ជាថ្នូរដកកម្លាំងយាមដើម្បីយកឈើធ្នង់ជាង៣០ម៉ែត្រគូប ដើម្បីចល័តឈើចេញពីទីតាំងនោះ ។
ក្រោយពីមានការត្រូវរ៉ូវបានបណ្តោយឲ្យក្រុមមានការចល័តឈើដឹកជញ្ជូនពេញមួយយប់ គឺចាប់ពីម៉ោង៩យប់ ថ្ងៃទី២៤ ខែសីហា រហូតដល់វេលាម៉ោង៧ព្រឹកថ្ងៃទីថ្ងៃទី២៥ សីហា។
បើតាមការឲ្យដឹងពីមន្រ្តីផ្នែករដ្ឋបាលព្រៃឈើថា ក្រោយពីមានការចរចាត្រូវរ៉ូវរួចមកគេបានឃើញប្រជាពលរដ្ឋរាប់រយនាក់បានយកគោយន្ដ និងម៉ូតូចូលដឹកជម្លៀសចេញទាំងយប់ ហើយលុយដែលគេសន្យាថា ឲ្យនោះ ក៏មិនបានដែរ ។
ការដែលសមត្ថកិច្ចចម្រុះអសមត្ថភាពក្នុងការបង្រ្កាប រឹបអូសឈើប្រណិតរបស់ប្អូនមន្ត្រីម្នាក់ប្រចាំនៅស្រុកត្រពាំងប្រាសាទខាងលើនេះ ត្រូវបានគេសង្ស័យថាមានការឃុបឃិត ត្រូវរ៉ូវគ្នាដោយមានការសូកប៉ាន់ និងអំពើពុករលួយ ពីព្រោះឈ្មួញរកស៊ីបទល្មើសខាងលើ បានរកស៊ីជាច្រើនឆ្នាំមកហើយ មិនដែលអ្នកណាហ៊ានប៉ះពាល់ឡើយ ៕ ហេង សូរិយា