ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំសំណេះសំណាលជាមួយមន្រ្តីរាជការខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ៖ នៅរសៀលថ្ងៃទី២៥ ខែសីហា  សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រះវិហារ ។

នៅក្នុងកិច្ចប្រជុំល្ងាចថ្ងៃនេះក្រោយពីបានពិភាក្សាជាមួយអាជ្ញាធរខេត្ត សម្ដេចតេជោ ហ៊ុន សែន បានសម្រេចកាត់ដីចំនួន៨០,៥៣ហិកតានៃដីសរុបចំនួន១៥២ហិកតានៃដីព្រលានយន្តហោះស្ថិតក្នុងភូមិហ្មសែត សង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ ជូនប្រជាពលរដ្ឋចំនួន១២៧គ្រួសារដែលកំពុងរស់នៅទីនោះយូរមកហើយ។ ដីដែលនៅសល់ចំនួន៧១,១៧ហិកតា គឺប្រគល់ជូនអាជ្ញាធរខេត្តដើម្បីធ្វើការអភិវឌ្ឍ ដូចជាសាកលវិទ្យាល័យនៅលើដីនេះ ។

ដោយខេត្តព្រះវិហារជាខេត្តដែលមានកម្លាំងចំរុះរួមគ្នាច្រើនដូច្នេះអាជ្ញាធរខេត្ត និងកងកម្លាំងទាំងអស់ត្រូវសហការគ្នាអោយបានល្អក្នុងការងារបម្រើប្រជាពលរដ្ឋ បង្រាបបទល្មើសផ្សេងៗ ។

សម្ដេចបានសង្កត់ធ្ងន់ថា អាជ្ញាធរខេត្ត និងកងកម្លាំងទាំងអស់ត្រូវទប់ស្កាត់ក្រុមឈ្មួញកាប់ឈើអោយខានតែបាន ជាពិសេសត្រូវចាប់អោយបានមេក្លោងធំៗ លើសពីនេះទៅទៀតកន្លងមកបទល្មើសព្រៃឈើត្រូវបានកើតឡើងនៅតំបន់មួយចំនួនដែលគ្រប់គ្រងដោយយោធា សូមមេទ័ពមួយចំនួនពិនិត្យមើលឡើងវិញ ។

សម្ដេចតេជោ ហ៊ុន សែន ក៍បានលើកឡើងដែរពីបញ្ហាពាក់ព័ន្ធនឹងផ្សារ គឺអាជ្ញាធរខេត្តត្រូវធ្វើការផ្សព្វផ្សាយនូវសារាចរណែនាំផ្សារដែលទើបតែនឹងចេញថ្មីៗអោយបានទូលំទូលាយ ជាពិសេសត្រូវចម្លងសារាចរនេះចែកជូនអាជីវករតាមផ្សារនិមួយៗបន្ថែមទៀត ។

សម្តេចតេជោ បានរំលឹកដល់មន្ត្រីទាំងអស់ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងការបង្ក្រាបនូវបទល្មើសផ្សេងៗ ការជួញដូរគ្រឿងញៀន ដើម្បីផ្តល់ភាពកក់ក្តៅ និង ធានាដល់សុវត្ថិភាពនៃការរស់នៅ និងការប្រកបរបរការងារផ្សេងៗរបស់ប្រជាពលរដ្ឋ ។

ទន្ទឹមនឹងនេៈត្រូវយកចិត្តទុកដាក់ ការផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានាជូនប្រជាពលរដ្ឋអោយបានលឿននិងមានប្រសិទ្ឋិភាព មន្ត្រីត្រូវគិតថាខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា ។

កងកម្លាំងប្រដាប់អាវុធ នគរបាល និងមន្រ្តីពាក់ព័ន្ឋទាំងអស់ត្រូវចូលរួមសហការប្រមូលពន្ធអោយមានប្រសិទ្ឋិភាពខ្ពស់។

អាជ្ញាធរត្រូវយកចិត្តទុកដាក់ការពារតំបន់ការពារ តំបន់អភិរក្ស និងតំបន់ទេសចរណ៍ដូចជាតំបន់ព្រះវិហារជាដើម ព្រមទាំងយកចិត្តទុកដាក់ដោះស្រាយបញ្ហាជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានលឿន និងមានប្រសិទ្ធខ្ពស់ ។

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរផងដែរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ដែលបានរួមសហការគ្នាអភិវឌ្ឍន៌ខេត្តព្រះវិហារអោយកាន់តែរីកលូតលាស់ទៅមុខ ។

កិច្ចការដែលសម្រេចទៅបានដោយជោគជ័យគឺអាស្រ័យដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ប្រកបដោយមនសិការ និងឆន្ទៈល្អមុះមុត និងការទទួលខុសត្រូវខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ ៕

1 2 5 3


ចែករំលែក៖