ភ្នំពេញ ៖ បុរសម្នាក់ជាគ្រូខ្មែរចាប់សរសៃ បានជិះម៉ូតូម៉ាកហុងដាឌ្រីមទៅប៉ះជាមួយម៉ូតូសណ្ដោងរុឺម៉កដួលហើយត្រូវរថយន្ត១គ្រឿងមិនស្គាល់ម៉ាកបើកមកកិនពីលើជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៤០នាទីទៀបភ្លឺ ត្រូវនឹងថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ២០២៤ នៅចំណុចក្បែរវត្តចំប៉ា តាមផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ៅ លី ភេទប្រុស អាយុ ៦៤ឆ្នាំ មុខរបរគ្រូចាប់សរសៃ ស្នាក់នៅភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះខាងលើបានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១AF-៩៤១៩ តាមផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់កន្លែងកេីតហេតុស្រាប់តែជិះទៅប៉ះជាមួយម៉ូតូសណ្ដោងរុឺម៉ក បណ្ដាលឱ្យជនរងគ្រោះដួលបោកទៅកណ្ដាលផ្លូវ ហេីយត្រូវរថយន្តទូរីស១គ្រឿងមិនចាំម៉ាកនិងផ្លាកលេខ បើកតាមផ្លូវជាតិលេខ១ក្នុងទិសដៅពីលិចទៅកើតបានកិនពីលើជនរងគ្រោះចំពោះបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយរថយន្តនិងម៉ូតូសណ្ដោងរុឺម៉កទាំងពីរខាងលេីក៏បានបេីករត់គេចខ្លួនបាត់អស់ ។
តាមប្រភពពីកូនប្រុសបង្កើតរបស់ជនរងគ្រោះ(សព)បានឱ្យដឹងថា គាត់មានបងប្អូន២នាក់ ប្រុស០១ ,ស្រី០១ និងម្ដាយនៅផ្ទះ ចំណែកឪពុកមានមុខរបរគ្រូឪសថបុរាណខ្មែរនិងគ្រូចាប់សរសៃផង។ មុនកើតហេតុឪពុកខ្លួនបានចេញពីផ្ទះឆ្លងកំពង់ដបន្ទាយដែកក្នុងគោលបំណងទៅភ្នំពេញចាប់សរសៃឱ្យគេ ស្រាប់តែមកដល់ម៉ោងឮសំឡេងទូរស័ព្ទតេមកថាឪពុកគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់។ ឮបែបនេះគាត់ប្រញាប់ចុះមកកន្លែងកើតហេតុពិតជាឃើញឪពុកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ប្រាកដមែន ហេីយក៏បានស្នើសុំសមត្ថកិច្ចជួយស្រាវជ្រាវរកជនបង្កយកមកចាត់ការតាមច្បាប់ និងសុំយកសពឪពុកទៅធ្វើបុណ្យតាមប្រពៃណី ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ បានចុះមកដល់និងបានពិនិត្យមេីលតាមកាមេរ៉ាសុវត្ថិភាពរបស់ប្រជាពលរដ្ឋឃើញថា បុរសរងគ្រោះជិះម៉ូតូតាមផ្លូវជាតិលេខ១ស្របទិសដៅគ្នាជាមួយម៉ូតូសណ្ដោងរុឺម៉កក្នុងទិសដៅពីកើតទៅលិចក៏ប៉ះគ្នាជាមួយម៉ូតូសណ្ដោងរុឺម៉កបណ្ដាលឲ្យដួល ហេីយចៃដន្យមានរថយន្ត១គ្រឿងទៀតបើកតាមផ្លូវជាតិលេខ១ពីលិចទៅកើត ក៏បានកិនចំពោះបណ្ដាលឱ្យស្លាប់ពិតមែន។ ចំណែកម៉ូតូសណ្ដោងរុឺម៉កនិងរថយន្តរត់គេចបាត់ទាំង២គ្រឿងបន្សល់តែជនរងគ្រោះនៅកន្លែងកើតហេតុ ។ ក្រោយមកសមត្ថកិច្ចបានប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូជនរងគ្រោះសមត្ថកិច្ចយកទៅរក្សាទុកបណ្ដោះអាសន្នសិនរង់ចាំស្រាវជ្រាវបន្តតាមជំនាញ ៕
ដោយ ៖ ភារ៉ា ដង្កោ