ព័ត៌មានទាន់ហេតុការណ៍៖

Update៖ គ្រោះថ្នាក់ចរាចរណ៍សោះ កាក់វាយកម្ទេចរថយន្តនិងបាញ់រះនៅទីប្រជុំជនគួរឱ្យភ័យខ្លាច

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ប្រភពរាយការណ៍ប្រហាក់ប្រហែលគ្នាពីតំបន់នានាស្តីពីកន្លែងកើតហេតុ និងបណ្ដាញសង្គម(ហ្វេសប៊ុក)នារសៀលថ្ងៃ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានគេលើកឡើងថា ករណីស្ទាក់វាយនិងបាញ់រះដូចធ្វើសង្គ្រាមមកលើរថយន្ត១គ្រឿម៉ាក TOYOTA PRIUS ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BH-5510 បង្កការភ្ញាក់ផ្អើលនិងគួរឱ្យភិតភ័យយ៉ាងខ្លាំង ព្រោះខ្លាចត្រូវគ្រាប់កាំភ្លើងរបស់សមត្ថកិច្ចដែលគេឃើញឈរជ្រែងចាំបាញ់នៅតាមដងផ្លូវកៅស៊ូ១ខ្សែ ។

ប្រភពរាយការណ៍ពីតំបន់ដដែលឱ្យដឹងទៀតថា ហេតុការណ៍ដ៍គួរឱ្យភ្ញាក់ផ្អើល និងគួរឱ្យភ័យខ្លាចនេះ កើតឡើងនៅចំណុចទីប្រជុំជន(ផ្សារសាមគ្គីក្រគរ)ទល់មុខផ្ទះវីងវេរលុយ ស្ថិតនៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ ។

ប្រភពបញ្ជាក់ទៀតថា ករណីស្ទាក់រថយន្តម៉ាក TOYOTA PRIUS ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BH-5510 នេះ មុនដំបូងប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុឬអ្នកធ្វើដំណើរគេមិនដឹងជាករណីអ្វីទេ ប៉ុន្តែគេឃើញបុរសម្នាក់ស្លៀកពាក់ស៊ីវិល ដៃកាន់កាំភ្លើងដូចមានបំណងចាំបាញ់អ្វីមួយ និងមានអ្នកពាក់អាវយោធាដៃកាន់ដំបងចាំវាយផងដែរ។ លុះមួយសន្ទុះក្រោយមកគេឃើញរថយន្ត១គ្រឿងបើកបោះពួយយ៉ាងលឿន ហើយក៏មានការផ្ទុះអាវុធជាច្រើនគ្រាប់ ប៉ុន្តែដូចជាពុំមានអ្នករងរបួសនោះទេ គ្រាន់តែធ្លុះគូទរថយន្ត និងព្រលឹងចុងសក់ប៉ុណ្ណោះ។ រថយន្ត១គ្រឿងដែលរងការវាយកម្ទេច និងបាញ់ធ្លុះគុទបានរុលទៅមុខបុករថយន្តពីកឹបហើយទើបឈប់ស្ងៀម។ ពេលនោះគេឃើញអ្នកពាក់អាវយោធាដៃកាន់ដំបងរត់ទៅវាយកញ្ចក់រថយន្តផ្នែកខាងមុខ ចំណែកអ្នកស្លៀកពាក់ឯកសណ្ឋានម្នាក់ទៀត បានលូកជើងធាក់អ្នកបើករថយន្តបន្ថែម ។ 

ប្រភពបញ្ជាក់បន្តទៀតថា អ្នកកាន់កាំភ្លើងបាញ់ដូចធ្វើសង្គ្រាមនោះ គេសង្ស័យលោកអធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរផ្ទាល់តែម្ដង។ ក្រោយមកបន្តិចទើបគេដឹងថា ករណីនេះជាករណីគ្រោះថ្នាក់ចរាចរណ៍នៅកន្លែងផ្សេង ប៉ុន្តែអ្នកបើករថយន្តម៉ាក(ព្រុស)ដែលគេឃើញមុខគាត់ហើមពោរ សង្ស័យគេព្រួតវាយនេះព្យាយាមបើកគេច ។ 

ប្រភពព័ត៌មានផ្សេងមួយទៀតឱ្យដឹងថា ការណ៍ពិតនៅវេលាម៉ោងប្រមាណជាង២ រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣៨-១៣៩ ស្ថិតនៅភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តម៉ាក(ព្រុស)នេះ បានជ្រុលទៅបុកអ្នកជិះកង់អាគុយដែលបើកស្របទិសគ្នា(ពីកើតទៅលិច) បណ្ដាលឱ្យរងរបួសស្រាល(តានិងចៅ២នាក់ដែលរួមដំណើរ) ប៉ុន្តែងអ្នកបើកបររថយន្ត(ព្រុស)នេះមិនឈប់ ព្យាយាមបើកគេចផ្លូវក្នុងៗជាច្រើនរហូតដល់មានបុកជាបន្តបន្ទាប់ និងមានរឿងរ៉ាវបែបនេះតែម្ដង ។

ទោះជាយ៉ាងណាក្ដី ករណីខាងលើអ្នកសារព័ត៌មានមជ្ឈមណ្ឌលព័ត៌មាននគរវត្តព្យាយាមសុំការពន្យល់ពីលោក វរសេនីយ៍ឯក មោគ ភារម្យ អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរ តាមតេឡេក្រាម ប៉ុន្តែលោកមានប្រសាសន៍ថាថ្នាក់ដឹកនាំមិនឱ្យចេញរបាយការណ៍បានទេ ព្រោះកំពុងធ្វើការ ៕

ដោយ៖ បុឹម ពិន


ចែករំលែក៖