ភ្នំពេញ៖ ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ លោក លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានជួបសំណេះសំណាលជាមួយយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចំនួន ២៩រូប ដឹកនាំដោយលោក ស៊ាង សុលក្ខណ៍ប្រធានក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាលើកទី៤៣ ។
លោក ស៊ាង សុលក្ខណ៍ប្រធានក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាលើកទី៤៣ បានថ្លៃអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក លី ឆេង ដែលតែងតែចូលរួមឧបត្ថម្ភ និងលើកទឹកចិត្តដល់សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាក្នុងការបំពេញបេសកកម្មជាអន្តរជាតិដ៏មានសារៈសំខាន់នេះ។លោកបានបន្តថា សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ (SSEAYP)ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៤ នៅប្រទេសជប៉ុន ក្នុងគោលបំណងបីសំខាន់គឺ៖
១-ពង្រឹងការទំនាក់ទំនង និងការយោគយល់គ្នារវាងយុវជនជប៉ុន និងយុវជននៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ២-ពង្រីកទស្សនវិស័យរបស់យុវជនឲ្យបានកាន់តែទូលំទូលាយលើសាកលលោក
៣-ពង្រឹងកិច្ចសហប្រតិបត្តិការ និងជំនាញទំនាក់ទំនងជាអន្តរជាតិ។
ក្នុងឱកាសនោះផងដែរ លោក លី ឆេង បានមានប្រសាសន៍ថានេះជាលើកទី២ហើយ ដែលសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ បានរៀបចំពិធីជួបសំណេះសំណាលជាមួយយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា។ លោកក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់យុវជនទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ ដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមកនិងត្រូវមានភាពក្លាហានក្នុងការបង្ហាញអំពីអត្តសញ្ញាណជាតិវប្បធម៌ សាសនា និងទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ជាតិយើងលើឆាកអន្តរជាតិ។
បន្ទប់មក លោក ប្រធានគណៈអធិបតី ក៏បានឧបត្ថម្ភថវិកាចំនួន២០០០ដុល្លារ អាមេរិកជូនដល់តំណាងយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាផងដែរ ៕ ស រស្មី
សូមអានបន្ត ៖ ស្រ្តីរកសីុផ្លូវភេទ៩នាក់ ត្រូវនគរបាលប៉ុស្តិ៍ស្រះចកចុះប្រមូលតាមសួនច្បារ