ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចហេងសំរិនស្នើសុំដល់អូស្ត្រាលីពិនិត្យលទ្ធភាពផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាឱ្យបានច្រើនថែមទៀត

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជាបានស្នើសុំដល់អូស្ត្រាលីពិនិត្យលទ្ធភាពផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាបានទៅសិក្សានៅប្រទេសអូស្ត្រាលីឱ្យបានច្រើនថែមទៀតដើម្បីលើកកម្ពស់ការបណ្តុះ បណ្ដាលធនធានមនុស្សក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា ។

ការស្នើសុំនេះបានធ្វើឡើងតាមរយៈលោកស្រី អានជឺឡា ខូកូរ៉ាន់ (Angela Corcoran) ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជាទើបតែងតាំងថ្មីក្នុងឱកាសដែលលោកជំទាវចូលជួបសម្តែងការគួរសមជាមួយសម្តេចនាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា ។

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងពីទំនាក់ទំនងកម្ពុជា-អូស្ត្រាលី គឺមានជាយូរឆ្នាំមកហើយ ដែលបច្ចុប្បន្នទំនាក់ទំនងល្អនេះត្រូវបានបន្តលើកកម្ពស់កាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ។

សម្តេចបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលបានកើតចេញពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដែលបានរួម ចំណែកយ៉ាងសំខាន់ដល់ការកសាងនិង អភិវឌ្ឍន៍ប្រទេសកម្ពុជា ។

សម្តេចក៏បានអរគុណផងដែរចំពោះ ជំនួយអភិវឌ្ឍន៍ជាផ្លូវការរបស់អូស្ត្រាលី ដែលបានរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្សនិងការជួយផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជាបន្តសិក្សានៅអូស្ត្រាលី។

សម្តេចសង្ឃឹមថា ក្នុងអាណត្តិការទូត របស់លោកជំទាវនៅកម្ពុជានឹងបន្តលើក កម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យ ពាណិជ្ជកម្ម វិនិយោគ កសិកម្ម អប់រំ ទេសចរណ៍ និងវប្បធម៌ឱ្យកាន់តែមាន សន្ទុះខ្លាំងក្លាថែមទៀត។

លោកស្រី អានជឺឡា ខូកូរ៉ាន់ ឯកអគ្គ រដ្ឋទូតអូស្រ្តាលីបានលើកឡើងអំពីចំណងមិត្តភាពរវាងប្រទេសទាំងពីរកម្ពុជា-អូស្ត្រាលី ត្រូវបានពង្រឹងពង្រីកបានយ៉ាងល្អនាពេលកន្លងមក ហើយក្នុងអាណត្តិនេះលោកស្រីថានឹងប្រឹងប្រែងបន្តដើម្បីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំងពីរមានការរីកចម្រើនថែមទៀតជាពិសេសការងារទប់ស្កាត់ការរត់ពន្ធមនុស្ស ការរត់ពន្ធគ្រឿងញៀន ការការពារសន្តិសុខ ពាណិជ្ជកម្ម និងវិនិយោគ កាន់តែត្រូវបានពង្រឹងពង្រីក ល្អប្រសើរបន្ថែមទៀត។

លោកស្រីបានបន្ដថា អូស្ត្រាលីនឹងខិតខំបន្តយកចិត្តទុកដាក់ធ្វើយ៉ាងណាដើម្បី ជួយកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ពិសេស ជួយពង្រឹងគុណភាពអប់រំ ផ្នែកវិនិយោគ ទេសចរណ៍នៅកម្ពុជា។ លោកស្រីឯកអគ្គរដ្ឋទូតបានលើកឡើងថាក្នុងឆ្នាំនេះនិស្សិតកម្ពុជា ទៅសិក្សានៅប្រទេសអូស្ត្រាលីសរុបមានចំនួន១១៦០នាក់ហើយ ក្នុងនោះ មាន៦០នាក់ បានទទួលអាហារូបករណ៍ពីរដ្ឋាភិបាលអូស្ត្រាលី១១០០នាក់ទៀតជានិស្សិតដែលក្រុមគ្រួសារកម្ពុជាបញ្ជូនទៅសិក្សានៅអូស្ត្រាលី។

ក្រៅពីនេះរដ្ឋាភិបាលអូស្ត្រាលីក៏បានរៀបចំឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចសិក្សា របស់និស្សិតពីកម្ពុជាទៅធ្វើកម្មសិក្សានៅអូស្ត្រាលី ហើយនិស្សិតអូស្ត្រាលីមកធ្វើ កម្មសិក្សានៅកម្ពុជា ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ចំណេះដឹងនិងវប្បធម៌គ្នាទៅវិញទៅមក។

លោកជំទាវក៏បានអរគុណដល់កម្ពុជា ដែលបានជួយគាំទ្រដល់កិច្ចព្រមព្រៀងជន ភៀសខ្លួនពីអូស្ត្រាលីមកកម្ពុជាដែលនេះ ឆ្លុះបញ្ចាំងពីឆន្ទៈដ៏ល្អនៃការដឹកនាំរបស់ ថ្នាក់ដឹកនាំប្រទេសកម្ពុជា។

លោកជំទាវក៏បាននាំមកនូវលិខិត អញ្ជើញរបស់សភាអូស្ត្រាលីជូនសម្តេច ប្រធានរដ្ឋសភាកម្ពុជាផងដែរ ដើម្បីសុំការអញ្ជើញសមាជិកសភាកម្ពុជាមួយរូបទៅ ចូលរួមក្នុងក្របខ័ណ្ឌសភាអាស៊ាននៅ អូស្ត្រាលីនាខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខ ក្នុងឋានៈជាភ្ញៀវរបស់ប្រទេសអាស៊ានទាំង១០ក៏ដូចជា ភ្ញៀវរបស់អូស្ត្រាលីផងដែរ ក្នុងគោលបំណងផ្លាស់ប្តូរនូវបទពិសោធន៍ការគ្រប់គ្រងរដ្ឋ ក៏ដូចជាការគ្រប់គ្រងសភានៅតាមរដ្ឋនៅតាមប្រទេសនីមួយៗ ។

ជាការឆ្លើយតបតាមការអញ្ជើញនោះ សម្តេចបានមានប្រសាសន៍ជម្រាបជូនថា នឹងពិនិត្យពិចារណា ដើម្បីបញ្ជូនសមាជិកសភាមួយរូបទៅចូលរួមតាមការអញ្ជើញ របស់សភាអូស្ត្រាលី៕ សហការី

 

675 673
សូមអានបន្ត ៖ បុរសម្នាក់លួចគោយន្តកែច្នៃតែមិនបាន សម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួន


ចែករំលែក៖