ភ្នំពេញ ៖ រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា លោករដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ទៅបំពេញបេសកកម្ម នៅតំបន់រដ្ឋបាលពិសេសហុងកុង នៃប្រទេសចិន ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤
ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងតបតាមការអញ្ជើញរបស់ក្រុមហ៊ុន China Tourism Group Corporation Limited (CTG) នៅថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ចូលរួមកម្មវិធី «Fostering Tourism Growth and Cultural Exchange between China and Cambodia» ដែលរៀបចំដោយក្រុមហ៊ុន China Tourism Group Corporation Limited (CTG) នៅតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីជំរុញកិច្ចសហការក្នុងការរៀបចំកញ្ចប់ទស្សនកិច្ច និងជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ កម្ពុជា-ចិន និងស្របតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន China Tourism Group Corporation Limited (CTG) ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប។
ឆ្លៀតក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះដែរ លោករដ្ឋមន្ត្រី នឹងមានជំនួបជាមួយវិស័យឯកជនដែលប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍នៅតំបន់រដ្ឋបាលពិសេសហុងកុង តំបន់រដ្ឋបាលពិសេសម៉ាកាវ និងនៅតំបន់ជុំវិញនោះផងដែរ៕
ដោយ ៖ សិលា