ព័ត៌មានទាន់ហេតុការណ៍៖

អយ្យការអមសាលាដំបូងខេត្តក្រចេះ​ចេញសេចក្តីថ្លែងការណ៍​បំភ្លឺ​ករណី​ខិត្តបណ្ណអនាមិក និង​បង្ក្រាបបទល្មើសព្រៃឈើ​ជាក់ស្តែងទាក់ទង​ព្រះរាជអាជ្ញារង សោ វុទ្ធី

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីមានបាតុភាពកើតឡើងជាបន្តបន្ទាប់ ប៉ះពាល់យ៉ាងធ្ងន់ទៅលើស្ថាប័នអយ្យការនៃអយ្យការអមសាលាដំបូងខេត្តក្រចេះពីការបោះខិត្តបណ្ណអនាមិក វាយប្រហារយ៉ាងធ្ងន់មកលើរូបលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង និងថ្មីៗនេះទៀតសោត ក៏បានបង្ក្រាបបទល្មើសព្រៃឈើជាក់ស្តែងលេចឮថា ពាក់ព័ន្ធទៅនឹងលោក សោ វុទ្ធីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បង្កឲ្យមានការចាប់អារម្មណ៍ ក៏ដូចជារិះគន់ពីស្ថាប័នអយ្យការនេះ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ អយ្យការអមសាលាដំបូងខេត្តក្រចេះ បានចេញសេចក្តីថ្លែងការណ៍មួយជាបន្ទាន់ជម្រាបជូនសាធារណជន ។

សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់យ៉ាងដូច្នេះថា អយ្យការអមសាលាដំបូងខេត្តក្រចេះ បានសង្កេតឃើញថា ទាក់ទងនឹងខិត្តបណ្ណអនាមឹកលើរូបលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ និងករណីបង្ក្រាបបទល្មើសព្រៃឈើជាក់ស្តែង ទាក់ទងទៅនឹងលោក សោ វុទ្ធី ព្រះរាជអាជ្ញារង មានការចាប់អារម្មណ៍ពីសាធារណជន ការបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម ព្រមទាំងការចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នោះ អយ្យការអមសាលាដំបូងខេត្តសូមបញ្ជាក់ថា ករណីទី១ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ មានខិត្តបណ្ណអនាមឹក បានបោះនៅតាមមណ្ឌលប្រឡងក្រុងក្រចេះ គឺជាករណីមិនពិតប្រាកដនោះទេ ព្រោះគ្មានមូលដ្ឋាន និងវត្ថុតាងច្បាស់លាស់ ករណីទី២ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ មានករណីបង្ក្រាបបទល្មើសព្រៃឈើជាក់ស្តែងនៅស្រុកស្នួល ដោយចាប់បានជនល្មើសម្នាក់ ហើយជនល្មើសនោះ បានឆ្លើយដាក់លើលោក សោ វុទ្ធី ព្រះរាជអាជ្ញារង លុះពេលតំណាងអយ្យការជជីកសួរនាំ ជនល្មើសបញ្ជាក់ថា ខ្លួនមិនដែលស្គាល់ឈ្មោះ សោ វុទ្ធី ទេ តែជនល្មើសបានឆ្លើយថា ម្ចាស់ឈើនោះ ឈ្មោះហេង ហើយឈ្មោះហេង បានប្រាប់ថា បើគេចាប់ឲ្យឆ្លើយថា ឈើជារបស់ឈ្មោះ សោ វុទ្ធី ។

ពាក់ព័ន្ធនឹងករណីនេះ អយ្យការអមសាលាដំបូងខេត្តក្រចេះបានអះអាងបន្តថា កំពុងស្រាវជ្រាវ និងបានបញ្ជូនសំណុំរឿងជាក់ស្តែងទៅចៅក្រមស៊ើបសួរដើម្បីចាត់កាតតាមនីតិវិធី ។

ក្នុងករណីអយ្យការអមសាលាដំបូងខេត្តក្រចេះ ចេញសេចក្តីថ្លែងការណ៍ដូចការលើកឡើងខាងលើនេះ ពិតជាមានអ្នកទទួលស្គាល់ថា អាចនឹងមានការលាក់លៀមណាមួយ ខណៈការលើកឡើងពីករណីខាងលើនេះបានពាក់ព័ន្ធទៅនឹងស្ថាប័នអយ្យការ ប៉ុន្តែស្ថាប័នអយ្យការមួយនេះ ពេលដែលមានហេតុការណ៍កើតឡើង គួរតែបើកការស៊ើបអង្កេតរកឲ្យឃើញនូវមូលហេតុទាំងនេះ តើជនដែលប្រើប្រាស់ឈ្មោះអយ្យការជានរណា មានពិតឬមួយមិនពិត ម្យ៉ាងទៀត តើធ្លាប់មានអយ្យការណាម្នាក់ធ្លាប់ពាក់ព័ន្ធនឹងការអន្តរាគមន៍ពីសមត្ថកិច្ចបង្ក្រាបបទល្មើសព្រៃឈើ ការពារក្រុមឈ្មួញដឹកឈើ ឬពាក់ព័ន្ធ និងទាញយកប្រយោជន៍ពីឈ្មួញឈើ ហើយប្រើប្រាស់តួនាទី និងអំណាចរបស់ខ្លួនគ្របដណ្តប់ទៅលើសមត្ថកិច្ចដែរឬទេ ព្រោះរឿងនេះចាត់ទុកថា ជាកម្មវត្ថុមួយយ៉ាងសំខាន់ ដែលអយ្យការ ក៏ដូចជាក្រសួងយុត្តិធម៌ គួរចាត់វិធានការស៊ើបអង្កេតក្នុងរឿងនេះ ពេលខ្លះមិនមែនការផ្សព្វផ្សាយ ឬបណ្តាញទំនាក់ទំនងសង្គមកាត់ទុកថា ខុសទាំងអស់នោះឡើយ ៕ សុខ ខេមរា

 

bphal (2) bphal (1)


ចែករំលែក៖