ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួន​មុខសញ្ញាជំនាញកាប់ប្លន់ម៉ូតូម្នាក់​ ទៅតុលាការ​ពាក់ព័ន្ធប្រព្រឹត្តបទល្មើស​ ០៤ករណីផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ កាលពីថ្ងៃទី​២៧​ ខែធ្នូ​ ឆ្នាំ​២០២៤ម្សិលមិញនេះ​ បានបង្ហាញ​មុខ​ជនសង្ស័យ​ម្នាក់​ ដែលជា​មុខសញ្ញា​ចោរជំនាញកាប់ប្លន់ម៉ូតូ​របស់​ប្រជាពលរដ្ឋ​យ៉ាងសកម្ម​ក្នុងរាជធានីភ្នំពេញ​ជាសាធារណៈ​ មុននិងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​ ក្រោយឃាត់ខ្លួន​យកមកសាកសួរ​ពាក់ព័ន្ធប្រព្រឹត្តបទល្មើស​ ០៤ករណីផ្សេងគ្នា។ 

ប្រភពដដែលបន្តថា​ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ថ្មីៗនេះ​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ នៅចំណុចមុខវត្តបុទុមវត្តី សង្កាត់ចតុមុខ ខណ្ឌដូនពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស០៤ករណីផ្សេងគ្នា។

ករណីទី១:  កា ..;ប់ប្លន់យកម៉ូតូ ប្រព្រឹត្តនៅចំណុចចុងស្ពានព្រែកសំរោង ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤។

ករណីទី២: ប្លន់យកម៉ូតូ ប្រព្រឹត្តនៅចំណុចមុខវត្ត   ស្ទឹងមានជ័យ ផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ កាលពីថ្ងៃមិនចាំ ខែកញ្ញា ឆ្នាំ២០២៤។

លើកទី៣: ប្លន់យកម៉ូតូ ប្រព្រឹត្តនៅចំណុចម្តុំជម្ពូរវ័ន្ត ផ្លូវបេតុង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

លើកទី៤: ប្លន់យកម៉ូតូ ប្រព្រឹត្តនៅចំណុចតាមផ្លូវលេខ២១B ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យឈ្មោះសុង វាសនា ហៅសុង សំណាង ហៅខ្មៅ ភេទប្រុស នជាតិ ខ្មែរ   មុខរបរ សិស្ស ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

វត្ថុតាងចាប់យក: ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខភ្នំពេញ ១LB-០៤២៥។

បច្ចុប្បន្នជនសង្ស័យ វត្ថុតាងខាងលើ កម្លាំងការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ​៖ តារា​


ចែករំលែក៖