ព័ត៌មានទាន់ហេតុការណ៍៖

Liverpool យកឈ្នះ West Ham ដើម្បីនាំមុខ៨ពិន្ទុនៅកំពូលតារាង Premier League

ចែករំលែក៖

ក្រុមហង្សក្រហម Liverpool បានបន្តនាំមុខលើកំពូលតារាង Premier League ដល់ទៅ៨ពិន្ទុ ខណៈដែលពួកគេបានយកឈ្នះក្រុម West Ham United ៥ទល់០ នៅកីឡដ្ឋាន London កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូនេះ។

នេះគឺជាការប្រកួតសំខាន់មួយទៀតសម្រាប់ក្រុមរបស់លោក Arne Slot បន្ទាប់ពីជ័យជម្នះ ៦-៣ នៅលើទឹកដី Tottenham កាលពី៧ថ្ងៃមុន លទ្ធផលមិនដែលស្ថិតក្នុងការសង្ស័យឡើយ ខណៈដែលក្រុមហង្សក្រហមក្នុងតង់ទីមួយបាននាំមុខក្រុមញញួរធំ West Ham រហូតដល់៣គ្រាប់។

Liverpool បានខកខានឱកាសជាច្រើនដងរួចទៅហើយ មុនពេល Luis Diaz បានជួយឱ្យពួកគេនាំមុខនៅនាទីទី៣០ ហើយកីឡាករ Cody Gakpo គឺជាអ្នកទទួលផលពីការស៊ុតបាល់បញ្ចូលទីដ៏អស្ចារ្យរបស់ Mohamed Salah ក្នុងការបន្ថែម១គ្រាប់ទៀតនៅនាទីទី៤០ មុនពេលកីឡាករអេហ្ស៊ីបរូបនេះរកបាន១គ្រាប់ដែរនៅនាទីទី៤៤ សម្រាប់គ្រាប់បាល់ទី២០របស់គាត់នៃរដូវកាលដ៏អស្ចារ្យនេះ។

ក្រុមរបស់លោក Julen Lopetegui មិនអាចសូម្បីតែគ្រប់គ្រងការប្រកួតឲ្យល្អជាងមុននៅក្នុងតង់ទី២ ដោយក្រុមភ្ញៀវ Liverpool បានបន្តដាក់សម្ពាធយ៉ាងខ្លាំង រហូតដល់ធ្លាយគ្រាប់បាល់ចំនួន២គ្រាប់ទៀត ដោយខ្សែបម្រើ Trent Alexander-Arnold បានបន្ថែមគ្រាប់ទី៤នៅនាទីទី៥៤នៅពេលដែលកីឡាកររូបនេះស៊ុតបាល់ពីចម្ងាយ ហើយផ្លាតចេញពីក្បាលរបស់ Max Kilman ចូលទីបានសម្រេច។

កីឡាករ Mohammed Kudus របស់ក្រុមម្ចាស់ផ្ទះក៏មានឱកាសស៊ុតបាល់ចំគោលដៅមួយដែរ ប៉ុន្តែនៅតែមិនអាចជួយឲ្យ West Ham ស្វែងរកគ្រាប់បាល់បានដែរ រហូតដល់នាទីទី៨៤ កីឡាករ Diogo Jota បានបន្ថែមគ្រាប់បាល់ទី៥ដែលជាគ្រាប់បាល់ចុងក្រោយរបស់ក្រុមភ្ញៀវ។

ខណៈពេលដែលជាធម្មតាមានការផ្លាស់ប្តូរជាបន្តបន្ទាប់បន្ទាប់ពីចូលឆ្នាំសកលក្នុងការប្រជែងដណ្តើមពានមួយ ទម្រង់លេងដែលមិនអាចបញ្ឈប់បានរបស់ Liverpool គឺផ្ទុយស្រឡះពីអ្នកដែលរំពឹងថា នឹងក្លាយជាគូប្រជែងដ៏សំខាន់របស់ពួកគេ។ ក្រុមរបស់លោក Slot បានស្គាល់រដូវកាលដំបូងរបស់គាត់នៅ Anfield ជាមួយនឹងជ័យជំនះនៅ Premier League។

Arsenal និង Chelsea នឹងនៅតែរក្សាក្តីប្រាថ្នាចង់ឈ្នះពាន ប៉ុន្តែក្រុម Liverpool នេះបច្ចុប្បន្នមានជំនឿ និងទំនុកចិត្តលើខ្លួនឯង។ បច្ចុប្បន្ន Liverpool បានកាន់កាប់កំពូលតារាង មាន៤៥ពិន្ទុ ក្នុង១៨ប្រកួត ខណៈ Nottingham ឈរលេខ២មាន៣៧ពិន្ទុ ក្នុង១៩ប្រកួត។ ចំណែក Arsenal និង Chelsea កំពុងឈរលេខរៀងគ្នាទី៣ និងទី៤ មាន៣៦ពិន្ទុ និង៣៥ពិន្ទុ ក្នុង១៨ប្រកួតដូចគ្នា ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC)


ចែករំលែក៖