ភ្នំពេញ ៖ កម្ពុជា-ចិន បានចាប់ផ្ដើមបើកជើងហោះហើរឡើងវិញ ពីទីក្រុងស៊ីអាន (Xi’an) មកកាន់ទីក្រុងភ្នំពេញ ដោយក្រុមហ៊ុនអាកាសចរណ៍ Spring Airlines នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ដោយមានភ្ញៀវទេសចរជិះតាមជើងហោះហើរចំនួន ១២២នាក់។ នេះជាបញ្ជាក់ពីសម្តេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះលើផេកផ្លូវការ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។
សម្តេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បន្តថា ៖ ក្នុងពិធីទទួលស្វាគមន៍ ជើងហោះហើរត្រង់ទី១ នេះ ដោយមានការចូលរួម ពីឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍, ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងឯកឧត្ដម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
សម្តេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ថា ៖ ទំនាក់ទំនង កម្ពុជា-ចិន ជាពិសេសភ្ញៀវទេសចរចិន មានការកើនឡើង ដោយសារអ្នកធ្វើដំណើរ, ជើងហោះហើរ និងក្រុមហ៊ុនអាកាសចរណ៍ចិន បានពង្រីកជើងហោះហើរ ។
អ្នកធ្វើដំណើរ តាមជើងហោះហើរ គឹតត្រឹមឆ្នាំ២០២៤ មានប្រមាណ៥.៦លាននាក់ ហើយរំពឹងថា នៅឆ្នាំ២០២៥ ចំនួនអ្នកធ្វើដំណើរ តាមជើងហោះហើរ មានការកើនឡើង លើស៧លាននាក់ នៅក្នុងមួយឆ្នាំ៕
ដោយ ៖ សិលា