ភ្នំពេញ៖ ស្ត្រីវ័យចំណាស់ពិការភ្នែកទាំងសងខាងម្នាក់បានស្លាប់បាត់បង់ជិវិតភ្លាមៗនៅកន្លែងកើតហេតុ ចំណែកអ្នកបើកកង់៣និងស្ត្រីរួមដំណើរម្នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តTOYOTA បាឡែនមួយគ្រឿងនឹងម៉ូតូកង់៣ឥណ្ឌាមួយគ្រឿង កាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅចំនុចផ្លូវបំបែកជាបួន ក្នុងភូមិព្រៃមូល សង្កាត់ ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពស្ត្រីរងគ្រោះខាងលើមានឈ្មោះ សុខ ស៊ីណា អាយុ៦៤ឆ្នាំ ស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានហៅម៉ូតូកង់៣ជិះចេញពីផ្ទះបម្រុងទៅមន្ទីរពេទ្យមរតកតេជោ ដើម្បីឲ្យគ្រូពេទ្យព្យាបាលភ្នែករបស់គាត់ដែលងងិតមើលមិនឃើញ រួមដំណើរជាមួយស្ត្រីម្នាក់ទៀតដែលត្រូវជាបងប្អូន ខណៈកំពុងតែធ្វើដំណើរតាមផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើងដល់ចំនុចផ្លូវបំបែកជាបួន អ្នកបើកកង់៣បើកក្នុងល្បឿនលឿនអត់បានបន្ថយល្បឿន ស្របពេលនោះក៏មានរថយន្តTOYOTQបាឡែនពណ៌ទឹកប្រាក់មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ2R-6308 បើកបរដោយស្ត្រីម្នាក់ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដូចគ្នា បានបុកចំពាក់កណ្តាលម៉ូតូកង់៣យ៉ាងពេញទំហឹងបណ្តាលឱ្យក្រឡាប់ម៉ូតូកង់៣ខ្ទាតស្ត្រីពិការភ្នែកប្រហែលជិត១០ម៉ែត្របោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ចំណែកអ្នកបើកបរកង់៣និងស្ត្រីរួមដំណើរម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីធ្វើការសង្រ្គោះ។
រីឯរថយន្តរេចង្កូតទៅបុកលូមួយកង់ទៀតរងការខូចខាតផ្នែកខាងមុខទៅមុខលែងរួច។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍រដ្ឋបាលសង្កាត់ក្រាំងធ្នង់ សហការជាមួយនគរបាលចរាចរណ៍ខណ្ឌសែនសុខ និងកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកធ្វើការវាស់វែង និងយករថយន្តនិងម៉ូតូកង់៣ទៅរក្សាទុកដើម្បីដោះស្រាយគ្នានៅពេលក្រោយ។
ចំណែកអ្នកបើកបររថយន្តខាងលើសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ជើងគោកដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី។
ដោយឡែកសពស្ត្រីរងគ្រោះខាងលើសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ចន្ទ លីហ្សា