ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនប៉ះជាមួយកុងតឺន័រដួលបោកក្បាលស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់​ជិះ​ម៉ូតូ​លឿន​ខ្វះ​ការ​ប្រុងប្រយ័ត្ន​បានទៅ​បុក​កន្ទុយ​រុឺម៉ករថយន្ត​កុងតឺន័រ​ពី​ក្រោយដួលបោកក្បាលស្លាប់ភ្លាមៗ ចំណែក​រថយន្ត​កុងតឺន័របេីក​ចេញ​ពីកន្លែងកេីតហេតុទៅ​បាត់​ស្រមោល​។ 

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​នៅ​វេលា​ម៉ោង​១០និង​៣៥នាទី​យប់​ថ្ងៃ​ទី​៣០ខែ​ធ្នូ​ឆ្នាំ​២០២៤ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤​ ទល់មុខ​កន្លែង​លក់​សាច់​ក្រក​ ​សង្កាត់​កន្ទោក​  ខណ្ឌ​កំបូល​ ​រាជធានីភំ្នពេញ​។ 

​សព​ជនរង​គ្រោះ​ឈ្មោះ​ ផៃ​ អ៊ី​ ភេទ​ប្រុស​អាយុ​៣៧ឆ្នាំ មុខរបរ​លក់​លៀស​ហាល​ បច្ចុប្បន្ន​ស្នាក់​នៅម្ដុំ​​ផ្ទះ​ជួល​បែក​ចាន ស្រុក​អង្គ​ស្នួល ខេត្ត​កណ្ដាល​ មាន​ស្រុក​កំណើត​ នៅភូមិ​ត្រពាំង​ធំ​ ឃុំ​បឹង​ណាយ ស្រុក​ព្រៃ​ឈរ​ ខេត្ត​កំពង់​ចាម​។ 

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យដឹង​ថា​  នៅ​មុន​ពេល​កេីត​ហេតុ​គេ​ឃើញ​ជន​រងគ្រោះ​ជិះម៉ូតូ​ម្នាក់​ឯង​ម៉ាក​ហុង​ដា​ឌ្រីម​ស៊េរីឆ្នាំ២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BV-5309ធ្វើ​ដំណើរ​តាម​បណ្តោយផ្លូវ​ជាតិ​លេខ​៤​ត្រឡប់​មក​ពី​លក់​ដូរ​វិញ​ក្នុង​ទិសដៅ​ពី​កេីត​ទៅលិច​ក្នុង​ល្បឿន​លឿន​លុះ​មក​ដល់​ចំណុច​ខាងលើ​ក៏​ជ្រុល​ទៅ​បុក​កន្ទុយ​រុីម៉កកុង​តឺន័រ​​ពឹក្រោយ​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​នឹង​ផ្លូវ​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ​។ ចំណែក​រថយន្ត​កុងតឺន័រ​បាន​បេីក​បន្ត​ដំណើរ​ចេញ​ទៅ​បាត់​ស្រមោល​។ លុះ​ក្រោយ​មក​ទេីប​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់ពលរដ្ឋ​និង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍ រួច​ទាក់ទង​ទៅ​សាច់​ញាតិ​ក្រុម​គ្រួសារ​សព​បន្ត​ផង​ដែរ​។ 

ក្រោយ​ពេល​កេីត​ហេតុ​បន្ទាប់​ពី​សាច់​ញាតិ​ក្រុម​គ្រួសារបាន​​មក​ដល់​ខាង​សមត្ថកិច្ច​ផ្នែក​ជំនាញ​ចរាចរណ៍​ធ្វើ​លិខិត​ប្រគល់​សព​រង​គ្រោះ​អោយ​ទៅ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯស្រុក​កំណើត​ខេត្ត​កំពង់​ចាម​។ចំណែក​ម៉ូតូ​សមត្ថកិច្ច​វាស់​វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​ខណ្ឌ​កំបូល៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖