ភ្នំពេញ ៖ ក្នុងឱកាសឆ្លងឆ្នាំសកល ចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២៤ មានភ្ញៀវទេសចរជាតិ អន្តរជាតិជាង ៣,៥ លាននាក់ បានចេញដើរលេងកម្សាន្តនៅតាមបណ្ដារាជធានី-ខេត្ត។
យោងតាម ស្ថិតិរបស់ មន្ទីរទេសចរណ៍រាជធានី ខេត្ត បានបញ្ជាក់ថា ស្ថិតិទេសចរជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តទូទាំងប្រទេស ក្នុងឱកាសឆ្លងឆ្នាំសកល នៅតាមបណ្ដារាជធានី-ខេត្ត ចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២៤ មានដូចជា៖
– ទេសចរសរុបប្រមាណ ៖ ៣ ៥៣៥ ៣២៥នាក់
– ទេសចរជាតិ សរុបប្រមាណ ៖ ៣ ៤៨៨ ០៦៥ នាក់
– ទេសចរអន្តរជាតិ សរុបប្រមាណ ៖ ៤៧ ២៦០នាក់។
សូមបញ្ជាក់ថា ក្នុងឱកាសឆ្លងឆ្នាំសកល ២០២៥នេះ តាមរយៈព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលបានរៀបចំឡើងដោយ ស.ស.យ.ក នៅយប់ឆ្លងឆ្នាំថ្មី ឆ្នាំសកលនេះ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិរាប់លាននាក់ បានមកចូលរួមទស្សនាកម្សាន្តនូវទស្សនីយភាព ការសម្ដែងទស្សនីភាពនានា និងតន្រ្ដីយ៉ាងសប្បាយរីករាយ តាំងតែពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២៤ រហូតដល់យប់បំណាច់ឆ្នាំឈានចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បញ្ជាក់ថា ៖ សូមរីករាយឆ្នាំថ្មី ឆ្នាំសកល ២០២៥ ជាមួយនឹងកាដូជាថ្មីដល់បងប្អូនកម្មករ និយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ដោយនឹងទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨$ សម្រាប់ឆ្នាំ២០២៥ នេះ ។
សម្តេចធិបតី សូមអរគុណដល់ក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនស័្មគ្រចិត្ត សាលារាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ក្រុមការងារអនាម័យ និងក្រុមការងាទាំអស់ ដែលបានចូលរួមសហការរៀបចំព្រឹត្តិការណ៍ “សាទរកម្ពុជា “ ទៅបានរលូន និងសុខសុវត្ថិភាព ជូនដល់បងប្អូន អ៊ំ ពូ មីង តាយាយ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកចូលរួមលេងកម្សាន្ត និងសាទរឆ្នាំថ្មី ឆ្នាំសកល ២០២៥ ប្រកបដោយសន្តិសុខ សណ្ដាប់ធ្នាប់ ជាទីបំផុត ៕
ដោយ ៖ ស តារា