ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃ ទី០១ ខែមករា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕
នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ប្រជាពលរដ្ឋបានរាយការណ៍ថា មានករណីហិង្សាដោយចេតនា នៅចំណុចក្រោយកាស៊ីណូផារ៉ាមិច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ ក្រោយពីទទួលបានព័ត៌មានរួច កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះដល់កន្លែងកើតហេតុហើយធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ លឿង ភ័ណ្ឌ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅចំណុចកើតហេតុខាងលើ ព្រមទាំងដកហូតវត្ថុតាង ដុំឥដ្ឋប្រហោង ពណ៌លឿង ចំនួន០១ដុំ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដេីម្បីសួរនាំតាមនីតិវិធី។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លេីយសារភាពថា ពួកគេពិតជាបានវាយទៅលេីជនរងគ្រោះបណ្ដាលឱ្យរងរបួសពិតប្រាកដមែន ដោយសារខឹងនឹងជនរងគ្រោះវាយខ្លួនមុន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ ៖ វណ្ណា