ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានផ្ញើសារតាមរយៈបណ្ដាញសង្គម នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ ២០២៥ ដោយបានថ្លែងអំណរគុណដល់ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) យុវជនស័្មគ្រចិត្ត សាលារាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមការងារអនាម័យ និងក្រុមការងារទាំងអស់ ដែលបានចូលរួមសហការរៀបចំព្រឹត្តិការណ៍ “សាទរកម្ពុជា“ ទៅបានរលូន និងសុខសុវត្ថិភាព ជូនដល់បងប្អូន អ៊ំ ពូ មីង តាយាយ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកចូលរួមលេងកម្សាន្ត និងសាទរឆ្នាំថ្មី ឆ្នាំសកល ២០២៥ ប្រកបដោយសន្តិសុខ សណ្ដាប់ធ្នាប់ជាទីបំផុត ។
សូមជម្រាបថា ប្រជាពលរដ្ឋមកពីគ្រប់ទិសទី និងគ្រប់វ័យ គ្រប់មជ្ឈដ្ឋាន រួមទាំងអ្នកទេសចរបរទេស បានមកចូលរួមសប្បាយរីករាយ និងអបអរសាទរជាមួយព្រឹត្តិការណ៍ «សាទរកម្ពុជា» មានក្បួនដង្ហែផ្ទាំងទស្សនីយភាព បង្ហាញពីសិល្បៈចម្រុះទាំងសម័យបុរាណ និងគ្រួសារមហាយក្ស ទីងមោង ស្គរជ័យទំនង់៣តោន សត្វនាគ គោព្រៃ ក្ងោក ដំរី ព្រមទាំង ការតុបតែងស្អាតៗកម្មវិធីកម្សាន្តសប្បាយៗការដង្ហែក្បួនព្យុហយាត្រាដ៏ធំៗចំនួន២៩ចាប់ពីម៉ោង៦ល្ងាច និងការសម្តែងសិល្បៈចម្រុះជាមួយសិល្បករល្បីៗជាច្រើនរូប ចាប់ពីម៉ោង ៨យប់និងការរាប់ថយក្រោយ បាញ់កាំជ្រួចឆ្លងឆ្នាំសកលចូលឆ្នាំ២០២៥ផងដែរ។
បងប្អូនប្រជាពលរដ្ឋបានបង្ហាញទឹកចិត្តសប្បាយ រីករាយជាមួយព្រឹត្តិការណ៍«សាទរកម្ពុជា»៣១ធ្នូឆ្នាំ២០២៤ ដែលជាព្រឹត្តិការណ៍ធំមួយនៅកម្ពុជា ហើយជាមោទនភាពកម្ពុជា ក្រោមម្លប់សន្តិភាព ប្រទេសជាតិមានការអភិវឌ្ឍ រីកចម្រើនគ្រប់វិស័យ ហើយកម្ពុជា កំពុងបន្តដំណើរលើមាគ៌ា ដ៏ល្អផូរផង់ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា។
សន្ដិភាពបានផ្ដល់ឱកាសដល់ប្រទេសកម្ពុជា និងប្រជាជនបានចូលរួមទទួលឆ្នាំថ្មីយ៉ាងរីករាយខណៈនៅមុខព្រះបរមរាជវាំងក៏មានរៀបចំនូវព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលជាព្រឹត្តិការណ៍ដ៏ធំលើកដំបូងនៅក្នុងឱកាសស្វាគមន៍ឆ្នាំថ្មី ឆ្នាំសកល២០២៥ ។ ព្រឹត្តិការណ៍ «សាទរកម្ពុជា» មានកម្មវិធីជាច្រើនដូចជាក្បួនដង្ហែផ្ទាំងទស្សនីយភាពបង្ហាញពីសិល្បៈចម្រុះទាំងសម័យបុរាណ និងគ្រួសារមហាយក្ស ទីងមោង ស្គរជ័យទំនង់៣តោន សត្វនាគ គោព្រៃ ក្ងោក ដំរី ព្រមទាំងមានការដង្ហែក្បួនព្យុហយាត្រាចំនួន២៩ផងដែរ ។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» បានមានប្រសាសន៍ថា «សាទរកម្ពុជា» រៀបចំឡើង ដើម្បីផ្សារភ្ជាប់ប្រជាជន មនោសញ្ចេតនារបស់ប្រជាជនទៅនឹងសង្គមជាតិយើងទាំងមូល ក៏ដូចជាបង្កើតជាវេទិកាជាឱកាស សម្រាប់គ្រប់កោសិកាទាំងអស់ចូលរួមបង្ហាញអត្តសញ្ញាណរបស់ខ្លួនដោយមោទនៈក្រោមស្មារតីសាមគ្គីភាពនិងមោទនភាពក្នុងនាមជាជាតិខ្មែរតែមួយ ៕
ដោយ ៖ សិលា