ព័ត៌មានទាន់ហេតុការណ៍៖

ធនាគារជាតិនៃកម្ពុជា ៖ ទប់ស្កាត់ការប្រើប្រាស់ក្រដាសប្រាក់ដុល្លារក្លែងក្លាយ

ចែករំលែក៖

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា ជូនដំណឹងស្ដីពី ការទប់ស្កាត់ការប្រើប្រាស់ក្រដាសប្រាក់ដុល្លារក្លែងក្លាយ ក្នុងនោះ បានស្នើដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដកហូតក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ពីអតិថិជនដោយគ្មានសំណង រួចបញ្ជូនទៅភ្នាក់ងារសម្ងាត់អាមេរិក ដើម្បីភ្នាក់ងារសម្ងាត់អាមេរិកស៊ើបអង្កេតបន្ត។

ធនាគារជាតិនៃកម្ពុជាមានកិត្តិយស សូមជម្រាបជូនគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងសាធារណជន ឱ្យបានជ្រាបថា ទន្ទឹមនឹងការចរាចរក្រដាសប្រាក់ដុល្លារអាមេរិកនៅក្នុងប្រទេសកម្ពុជា ក្រដាសប្រាក់ដុល្លារ អាមេរិកក្លែងក្លាយក៏កំពុងត្រូវបានចរាចរផងដែរ។ ក្នុងគោលបំណងរួមចំណែកទប់ស្កាត់ការចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ និងតាមសំណើរបស់ភ្នាក់ងារសម្ងាត់អាមេរិក ធនាគារជាតិនៃកម្ពុជា ស្នើ៖

១. គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដកហូតក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ពីអតិថិជនដោយ គ្មានសំណង រួចបញ្ជូនទៅភ្នាក់ងារសម្ងាត់អាមេរិកជាមួយនឹងរបាយការណ៍ដូចមានភ្ជាប់ក្នុងឧបសម្ព័ន្ធ ដើម្បីភ្នាក់ងារសម្ងាត់អាមេរិកស៊ើបអង្កេតបន្ត

២. គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរក្សាទុកព័ត៌មានអំពីអត្តសញ្ញាណអតិថិជនដែលចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ហើយផ្តល់ព័ត៌មានទាំងនេះមកធនាគារជាតិនៃកម្ពុជា និង

៣. សាធារណជនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងពិនិត្យពិច័យឱ្យបានហ្មត់ចត់មុននឹងទទួលយក ក្រដាសប្រាក់ដុល្លារអាមេរិក ហើយក្នុងករណីមានការសង្ស័យថាក្រដាសប្រាក់ដុល្លារអាមេរិកនោះក្លែងក្លាយ សូមផ្តល់ព័ត៌មានជូនធនាគារជាតិនៃកម្ពុជា។

ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជាលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុណែនាំអតិថិជនរបស់ខ្លួន អំពីរបៀបកំណត់អត្តសញ្ញាណក្រដាសប្រាក់ដុល្លារអាមេរិកពិតដើម្បីចូលរួមការទប់ស្កាត់ការប្រើប្រាស់ ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ និងសាធារណជន ជ្រាប និងចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖