ខេត្តតាកែវ ៖ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបានឃាត់ខ្លួន លោកវរសេនីយ៍ឯក ង៉ែត ចាន់ឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងមន្ដ្រីអាវុធហត្ថ២នាក់ទៀត នាំខ្លួនទៅធ្វើការសួរនាំ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ម្សិលមិញ ហើយបញ្ជូនមកសួរនាំបន្ដនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ដាល។
ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានបញ្ជាក់ថា កម្លាំងជំនាញអាវុធហត្ថលើផ្ទៃប្រទេសពិតជាបាននាំខ្លួនអាវុធហត្ថទាំង៣នាក់ ទៅធ្វើការសួរនាំប្រាកដមែន ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
អាវុធហត្ថដែលត្រូវបានយកទៅសួរនាំ ទី១៖វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត។
ទី២៖អនុសេនីយ៍ទោ លុយ សារុំ នាយសេនាធិការមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ ។
និងទី៣៖អនុសេនីយ៍ត្រី ស៉ិន សុវណ្ណារិទ្ធ តួនាទីជំនួយការការិយាល័យគ្រឿងញៀនខេត្ត។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា កម្លាំងជំនាញពិតជាបាននាំខ្លួននាយអាវុធហត្ថទាំង៣នាក់ ទៅធ្វើការសួរនាំប្រាកដមែន ពាក់ព័ន្ធករណីគ្រឿងញៀន។ ប៉ុន្ដែចំពោះនីតិវិធីបន្ដយ៉ាងណានោះ លោកបញ្ជាក់ថា នៅពេលបញ្ចប់ការសួរនាំ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ។
យ៉ាងណាមិញ ក្រោយការឃាត់ខ្លួននៅខេត្តតាកែវ នាយអាវុធហត្ថទាំង៣នាក់នេះ ត្រូវបានបញ្ជូនទៅបន្ដសួរនាំនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ដាល។
ប្រភពព័ត៌មានផ្សេងទៀត បានឲ្យដឹងថា លោកវរសេនីយ៍ឯក ង៉ែត ចាន់ឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ ទទួលផែនស្រាវជ្រាវ និងបង្ក្រាបបទល្មើសជាច្រើនឆ្នាំ ប៉ុន្ដែក្រោយមកបានផ្លាស់ឲ្យទៅទទួលផែនប្រតិបត្តិការវិញ។
លោកឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ បានបញ្ជាក់ថា ៖ ការឃាត់ខ្លួននាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវ ចំនួន៣រូប ស្ថិតស៊ើបអង្កេតនេះ មិនទាន់បានបញ្ចប់ ហេតុដូច្នេះការផ្តល់ព័តមានជាសាធារណៈ មិនអាចបានទេ ។
លោកថា ៖ ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឃើញបណ្ដាញព័ត៌មានសង្គមនានា ក្នុងរយៈពេល២ថ្ងៃនេះ ធ្វើការផ្សព្វផ្សាយអំពីការឃាត់ខ្លួននាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវ ចំនួន៣រូប។
ខ្ញុំបាទ សូមគោរពជម្រាបជូនថា មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថ បាននឹងកំពុងអនុវត្តនីតិវិធី ស៊ើបអង្កេតពាក់ព័ន្ធនឹងបទល្មើស ដោយមានការសម្របសម្រួលពីតំណាងអយ្យការ។ ករណីស៊ើបអង្កេតនេះ មិនទាន់បានបញ្ចប់ ហេតុដូច្នេះការផ្តល់ព័តមានជាសាធារណៈ មិនអាចបានទេ។
កងរាជអាវុធហត្ថ នឹងធ្វើសេចក្តីប្រកាសព័ត៌មានជូនសាធារណៈ បន្ទាប់ពីអនុវត្តនីតិវិធីបានបញ្ចប់។
សូមគោរពជូនជ្រាបជាព័ត៌មាន ៕
ដោយ ៖ សិលា