ភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នេះ លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរ ព្រមទាំងគណៈប្រតិភូតំណាងទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំង (MFI) ចុះពិនិត្យលើប្រព័ន្ធគ្រប់គ្រងធនធានទឹក និងឧតុនិយម នៅតំបន់សមុទ្រក្នុងខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង។
ក្នុងឱកាសនោះដែរ លោករដ្ឋលេខាធិការ និងគណៈប្រតិភូ ក៏បានចុះពិនិត្យនៅតាមបណ្តាខេត្តជាប់ពាក់ព័ន្ធនឹងខ្សែទឹកខាងលើដែលត្រូវរំដោះទឹក និងពង្វាងទឹកស្ទឹងព្រែកត្នោតចេញពីខេត្តកំពង់ស្ពឺ រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ ហើយបញ្ជូនទៅតំបន់សមុទ្រ ដោយធ្វើការត្រួតពិនិត្យលើគ្រប់ព្រែក និងដៃព្រែក និងតាមជ្រលងជួរភ្នំក្រវាញ ជួរភ្នំកំចាយ ជួរភ្នំវល្លិ ជួរភ្នំម្លិក និងបណ្តាកោះមួយចំនួន។
លោករដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ការចុះពិនិត្យការងារនាពេលនេះគឺដើម្បីបំពាក់ឧបករណ៍ឱ្យបានគ្រប់គ្រាន់ដល់ស្ថានីយឧតុនិយម ស្ថានីយជលសាស្រ្ត ឧបករណ៍ព្យាករគ្រប់ប្រភេទទាំងអស់ក្នុងដែនសមុទ្រជាតិ និងអន្តរជាតិ។ ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា ក្រុមការងារក៏នឹងធ្វើការកំណត់ទីតាំងឱ្យបានជាក់លាក់នៅតំបន់សមុទ្រ ដើម្បីដំឡើងរ៉ាដា និងបណ្តាឧបករណ៍ដែលចាំបាច់ដទៃទៀតដែលធានានូវសុក្រឹតភាពលើកិច្ចការព្យាករទាន់ពេលវេលា ប្រកបដោយឧត្តមភាព និងមានឯករាជ្យភាពពេញលេញ៕
ដោយ ៖ សិលា