ត្រឹមថ្ងៃត្រង់ថ្ងៃទី 2 ខែមករា ព័ត៌មានលម្អិតថ្មីៗជាច្រើនត្រូវបានបង្ហាញនៅក្នុងបរិបទនៃការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) និងអាជ្ញាធររបស់ប្រទេសដែលកំពុងប្រញាប់ប្រញាល់ស៊ើបអង្កេតការផ្ទុះរថយន្តអគ្គិសនី Cybertruck របស់ក្រុមហ៊ុន Tesla នៅមុខអគារ Trump Tower ក្នុងទីក្រុង ឡាសវេហ្គាស។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន អាជ្ញាធរអាមេរិកជឿជាក់ថា អ្នកបើកបររថយន្ត Tesla Cybertruck បានគ្រប់គ្រងប្រព័ន្ធបំផ្ទុះ ដែលភ្ជាប់ទៅនឹងកាំជ្រួច ធុងហ្គាស និងប្រេងឥន្ធនៈ ដែលផ្ទុកនៅលើរថយន្ត។
ជាលទ្ធផល រថយន្ត Tesla Cybertruck បានផ្ទុះនៅខាងក្រៅសណ្ឋាគារ Trump ក្នុងទីក្រុង Las Vegas (សហរដ្ឋអាមេរិក) នៅម៉ោង 8:40 ព្រឹក ថ្ងៃទី 1 ខែមករា (ម៉ោងក្នុងតំបន់)។ ភ្នាក់ងារពិសេសទទួលបន្ទុកការិយាល័យ FBI នៅ Las Vegas លោក Jeremy Schwartz បាននិយាយថា ទីភ្នាក់ងារនេះកំពុងកំណត់ថាតើឧបទ្ទវហេតុនេះជាអំពើភេរវកម្មឬយ៉ាងណា។ លោក Schwartz ក៏បានបញ្ជាក់ផងដែរថា ក្រុមការងារប្រឆាំងភេរវកម្មរបស់ FBI កំពុងដឹកនាំការស៊ើបអង្កេតយ៉ាងពេញលេញ។
FBI ក៏ជឿថាបច្ចុប្បន្នមិនមានគ្រោះថ្នាក់ដល់សាធារណជនក្នុងតំបន់នោះទេ។ ទោះយ៉ាងណាក៏ដោយ អគារ Trump Tower ទាំងមូលត្រូវបានជម្លៀសចេញ ដើម្បីធានាសុវត្ថិភាព។
យោងតាមប្រធានប៉ូលីស Las Vegas លោក Kevin McMahill រថយន្តនេះត្រូវបានជួលនៅរដ្ឋ Colorado ហើយបានមកដល់ Las Vegas នៅម៉ោង 7:30 ព្រឹក។ ប្រហែលមួយម៉ោងក្រោយមក បន្ទាប់ពីបើកឡានឡើងចុះតាមមហាវិថី Las Vegas ឡានបានមកដល់សណ្ឋាគារ Trump Tower ហើយបានផ្ទុះ។
វីដេអូដែលដកស្រង់ចេញពីកាមេរ៉ាឃ្លាំមើលក៏បង្ហាញដែរថា អ្នកបើកបរម្នាក់បានបើកឡានឆ្លងកាត់សណ្ឋាគារ Trump ប្រហែលមួយម៉ោងមុនពេលកើតហេតុ បន្ទាប់មកបានត្រឡប់មកវិញ ហើយឈប់នៅមុខសណ្ឋាគារ ហើយបានផ្ទុះនៅប៉ុន្មាននាទីក្រោយមក។
ប៉ូលីស Las Vegas បានបញ្ជាក់ថា មនុស្សម្នាក់បានស្លាប់នៅខាងក្នុង Cybertruck ។ បន្ថែមពីលើនេះ មានជនរងគ្រោះចំនួន ៧នាក់បានរងរបួសដោយការបំផ្ទុះ ប៉ុន្តែបច្ចុប្បន្នអ្នកទាំងអស់ស្ថិតក្នុងស្ថានភាពមិនគ្រោះថ្នាក់ដល់អាយុជិវិតនោះឡើយ។ ប៉ូលិសបាននិយាយថា ពួកគេស្គាល់អត្តសញ្ញាណអ្នកជួលរថយន្តនេះ ប៉ុន្តែមិនបានបង្ហាញឱ្យដឹងដើម្បីបម្រើការស៊ើបអង្កេត៕ ដោយ៖ ធីរីណា
រូបថត៖ hanoimoi