ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានចេញអនុក្រឹត្យស្ដីពីការកែប្រែនិងការដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែចំពោះសមាជិកក្រុមប្រឹក្សារាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្រ្ដីភូមិ និងការិយាល័យ ប្រជាពលរដ្ឋរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ។
ប្រាក់ឧបត្ថម្ភប្រចាំខែចំពោះសមាជិកក្រុមប្រឹក្សារាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្រ្ដីភូមិដែលត្រូវកែប្រែនិងដំឡើងចាប់ឆ្នាំ២០២៥នេះ រួមមាន៖ ប្រធានក្រុមប្រឹក្សារាជធានី, ប្រធានក្រុមប្រឹក្សាខេត្ដ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១, ៦៨៥,០០០រៀល, សមាជិកក្រុមប្រឹក្សារាជធានី ខេត្ដ ១,២៨០,០០០រៀល, ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ១,៣៩៥,០០០រៀល, សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ១,០៥០,០០០រៀល, មេឃុំ ចៅសង្កាត់ ១,៣៤៥,០០០រៀល, ជំទប់ទី១, ចៅសង្កាត់រងទី១, ជំទប់ទី២, ចៅសង្កាត់រងទី២ ១,០០៥,០០០រៀល, សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ៨៩៥,០០០រៀល, មេភូមិ ៥៧០,០០០រៀល, អនុប្រធានភូមិ ៤៤៥,០០០រៀល និងសមាជិកភូមិ ៤១៥,០០០រៀល។
ដោយឡែកប្រាក់ឧបត្ថម្ភប្រចាំខែចំពោះប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ដ និងប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ ត្រូវកែប្រែ និងដំឡើងរួមមាន៖ ប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ដ ១, ៦៨៥,០០០រៀល, អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ដ ១, ២៨០,០០០រៀល និងប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ ១, ៣៩៥,០០០រៀល។
សូមគូសបញ្ជាក់ថា ប្រាក់ឧបត្ថម្ភនេះ នឹងត្រូវអនុវត្ដចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥តទៅ៕
ដោយ ៖ សិលា