ខេត្តកំពង់ស្ពឺ៖ ដីក្នុងអាងស្តុកទឹកមួយកន្លែងត្រូវបានឈ្មួញលួចដាក់គ្រឿងចក្រ កាយយកអាចម៍ដីទៅលក់ដោយមិនខ្លាចច្បាប់បន្តិចណាសោះ ខណៈដែលអាជ្ញាធរ អះអាងថា ធ្លាប់ចុះផ្អាកម្តងហើយតែគេនៅតែមិនគោរពតាមការណែនាំរបស់អាជ្ញាធរហើយលួចមកកាយដីបន្តទៀត ព្រោះអាង អំណាចអ្នកធំនៅពីក្រោយ ។
ឈ្មួញដាក់គ្រឿងចក្រមកកាយដីនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ នៅភូមិមាត់សាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
លោក ប៊ិន ថេត ប្រធានការិយាល័យរ៉ែ និងថាមពលបានឲ្យដឹងថា ឈ្មួញកាយដីអាងស្តុកទឹកមាត់សាយនេះត្រូវបានស្គាល់ឈ្មោះ លីម និងឈ្មោះ អឹុង ឡាយឆៃ រស់ នៅខេត្តកំពង់ស្ពឺ ។
លោកប្រធានបន្តថា ក្រុមការងារមន្ទីរ រ៉ែ និងថាមពល និងមន្ទីរធនធានទឹក និង ឧតុនិយមខេត្ត ព្រមទាំងអាជ្ញាធរស្រុកភ្នំស្រួច ធ្លាប់បានចុះផ្អាក និងណែនាំមិនឲ្យកាយដីកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ម្តង រួចមកហើយ ពីព្រោះតែការកាយនេះមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវពីមន្ទីរជំនាញពាក់ព័ន្ធ ។ មិនតែប៉ុណ្ណោះបានតម្រូវឲ្យសុំច្បាប់ទើបអនុញ្ញាតឲ្យ បើមិនដូច្នេះទេនឹងត្រូវឃាត់គ្រឿងចក្រចាត់ការតាមច្បាប់ ។
ពាក់ព័ន្ធនឹងករណីនេះដែរលោក ញ៉ាញ់ ជៀបហ័ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺបានឲ្យដឹងថា បញ្ហានេះ លោកនឹងសួរនាំទៅលោកអភិបាលស្រុកដើម្បីមានវិធានការចុះទៅត្រួតពិនិត្យលើ ករណីនេះ។ បើពិនិត្យឃើញថាឈ្មួញនៅត ែល្មើសត្រូវឃាត់គ្រឿងចក្រ ព្រោះម្ចាស់ គ្រឿងចក្រនេះក្រុមជំនាញធ្លាប់បានហៅ មកធ្វើកំណត់ហេតុបញ្ឈប់ម្តងហើយ។ លោកប្រធានមន្ទីរបន្តថា លើកនេះមិនអនុ គ្រោះដូចលើកមុនទៀតឡើយ ។
លោក ពេជ្រ ចន្ថា អភិបាលស្រុកភ្នំស្រួច មិនអាចសុំការពន្យល់បានទេដោយទូរស័ព្ទចូលហើយមិនមានអ្នកទទួល ។
ចំណែកលោក មៀច សំអុល អភិបាលរងស្រុកភ្នំស្រួចបានឲ្យដឹងតាមទូរស័ព្ទថា ក្រុមឈ្មួញទាំងនេះធ្វើសកម្មភាពមិនមាន ច្បាប់អនុញ្ញាតទេហើយក៏ធ្លាប់ត្រូវបានមន្ត្រីជំនាញ និងអាជ្ញាធរស្រុកចុះផ្អាកឲ្យម្ចាស់ធ្វើកិច្ចសន្យាបញ្ឈប់ម្តងហើយ។ លើកនេះ មិនដឹងថា គេសំអាងលើអ្វីនោះទេបានជា ដឹកគ្រឿងចក្រមកកាយដីដោយគ្មានខ្លាចញញើតច្បាប់ទាល់តែសោះ ។
បើដូចការអះអាងពីមន្ត្រីជំនាញពាក់ព័ន្ធ ថានឹងឃាត់គ្រឿងចក្រមិនអនុគ្រោះដូចលើកមុននោះ មជ្ឈដ្ឋានប្រជាពលរដ្ឋរង់ចាំមើលថាតើអាជ្ញាធរ និងមន្ត្រីជំនាញនឹងចាត់ វិធានការបែបណាចំពោះក្រុមឈ្មួញដែលលួចកាយដីក្នុងអាងស្តុកទឹកមាត់សាយនេះ ៕ សេនាស័ក្តិ