ភ្នំពេញ ៖ ២ថ្ងៃ មុនដាច់ឆ្នាំ២០២៤ គឺនាថ្ងៃទី៣០ និង៣១ខែធ្នូ មន្រ្តីអត្តសញ្ញាណកម្មទូទាំងប្រទេស បានបន្តផ្ដល់សេវាអត្តសញ្ញាណកម្មប្រមាណ ៣ពាន់សេវាជូនប្រជាពលរដ្ឋទូទាំងប្រទេស។ នេះបើតាមការឱ្យដឹងពីលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
បើតាមលោកបណ្ឌិត ទូច សុឃៈ ក្នុងចំណោមសេវាបានផ្ដល់ជូននោះ សេវាអត្តសញ្ញាណប័ណ្ណមាន៨៩១សន្លឹក លិខិតឆ្លងដែនមាន១១២៨ក្បាល លិខិតធ្វើដំណើរមាន១៨១ក្បាល សៀវភៅស្នាក់នៅមាន៤៤២ក្បាល និងសៀវភៅគ្រួសារមាន៤៤៥ក្បាល។
ក្នុងនាមក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរចំពោះឆន្ទៈ បំពេញការងារយ៉ាងសកម្មរបស់មន្រ្តីគ្រប់ផ្នែកនៃក្រសួងមហាផ្ទៃដើម្បីធានាប្រក្រតីភាពនៃការផ្ដល់សេវាជូនប្រជាពលរដ្ឋ៕
ដោយ ៖ សិលា