ខេត្តកំពង់ចាម៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ បានបើកប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន១ករណី និងឃាត់ខ្លួនជនសង្ស័យ ៣នាក់ នៅចំណុចភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចា ។
បើតាមមន្ត្រីអាវុធហត្ថខេត្តឱ្យដឹងថា មុនឈានទៅដល់ការបង្ក្រាបបទល្មើសនេះនៅវេលាម៉ោង២០និង៥០នាទី ថ្ងៃដដែល កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទ ល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងកំពង់ចាម ចំនួន ១០នាក់ រថយន្ត ០១គ្រឿង ម៉ូតូ៣គ្រឿង ដឹកនាំដោយ វរសេនីយ៍ទោ ឆាយ រ៉ង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ចាម និង ដោយមានការសម្របសម្រួលនីតិវិធីពីលោក តារា វិទូ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាមបានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់ នៅសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់÷
១.ឈ្មោះ សុខ គឹមឡុង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម,ទី-២.ឈ្មោះ ខួយ សុធារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាមនិង៣.ឈ្មោះ កត់ សុភ័ត្រ្តា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
មន្ត្រីដដែលបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះដែរសមត្ថកិច្ច ដកហូតបានម្សៅក្រាមសថ្លាចំនួន០១ កញ្ចប់ ទូរសព្ទដៃ៣គ្រឿង។ បន្ទាប់មកកម្លាំងជំនាញបានចុះ ទៅឆែកឆេរបន្ទប់ជួលរបស់ជនសង្ស័យ ឈ្មោះ សុខ គឹមឡុង ស្ថិតនៅភូមិទី៦ក សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដកហូតបានសម្ភារះប្រើ ប្រាស់គ្រឿង ញៀន មួយចំនួន និងទូរស័ព្ទដៃ០១គ្រឿង ។
ដោយបានការឯកភាពពីលោក តារា វិទូ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅវេលាម៉ោង ៩និង០៥ នាទី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ កម្លាំងជំនាញបាននាំជនសង្ស័យ ឈ្មោះ សុខ គឹមឡុង ទៅឆែកឆេរនៅចំណុចបឹងកំប្លោកដែលខ្លួនសម្ងំលាក់ ខ្លួនគេចពីសមត្ថកិច្ច ស្ថិតនៅភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ឆែកឆេរដកហូតបាន ម្សៅក្រាមពណ៌សថ្លា ចំនួន ០៤កញ្ចប់,ប្រាក់ញុះញង់ចំនួន ៨ម៉ឺនរៀល,ទូរស័ព្ទដៃចំនួន ០១គ្រឿង ដែលខ្លួនបានបោះចោលក្នុងបឹងកំប្លោក ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងរួមមាន ម្សៅក្រាម ពណ៌ថ្លា ចំនួន ០៥ កញ្ចប់ ទម្ងន់ ២.៧៧ ក្រាម (ថ្លឹងទាំងសំបកថង់),ទូរស័ព្ទដៃ៥គ្រឿង(ម៉ាកoppo ៣គ្រឿង, relate១គ្រឿង. iPhone ១គ្រឿង សម្ភារ:ប្រើប្រាស់គ្រឿងញៀនមួយចំនួន បញ្ជូនមកបញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តកំពង់ចាមដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ សូរិយា