តម្លៃគេហដ្ឋាននៅសហរដ្ឋអាមេរិកបានកើនឡើង ១,២ភាគរយនៅក្នុងត្រីមាសទី២ បើធៀបនឹងត្រីមាសទី១នៃឆ្នាំនេះ ខណៈដែលសន្ទុះនៃការងើបឡើងនេះកំពុងតែធ្លាក់ចុះវិញ ដោយសារតែតម្លៃគេហដ្ឋានកាន់តែថ្លៃ ។
ដោយយោងទៅតាមទីភ្នាក់ងារ Federation Housing Agency-FHFA បានឱ្យដឹងថា តម្លៃផ្ទះនៅក្នុងត្រីមាសទី២នេះបានកើនឡើង ៥,៦ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥។
លោក Andrew Leventis អ្នកសេដ្ឋកិច្ចរបស់ទីភ្នាក់ងារ FHFA នេះបានមានប្រសាសន៍ថា បើទោះបីជាអត្រាកើនឡើងនៅក្នុងត្រីមាសទី២ មានកម្រិតស្រដៀងគ្នាទៅនឹងកម្រិតដែលយើងបានមើលឃើញជាច្រើនឆ្នាំកន្លងមកហើយក៏ដោយ ក៏ការមើលឃើញនៅក្នុងការផ្លាស់ប្តូរតម្លៃពីមួយខែទៅមួយខែ នៅក្នុងត្រីមាសនេះបានបង្ហាញនូវការផ្លាស់ប្តូរដ៏មានសារៈសំខាន់នៅក្នុងទីផ្សារនេះដែរ។
ក្រុមហ៊ុននេះបានបង្ហាញថា តម្លៃគេហដ្ឋាននៅសហរដ្ឋអាមេរិក កាលពីខែកក្កដា បានកើនឡើង ០,២ភាគរយធៀបនឹងខែឧសភា ។
លោកLeventis បានមានប្រសាសន៍ថា តម្លៃនេះកើនឡើងជាងកម្រិតដែលយើងបានមើលឃើញកាលពីពេលមុន ។
យ៉ាងណាក៏ដោយ សមាគមន៍អភិវឌ្ឍអចលនទ្រព្យជាតិបានឱ្យដឹងថា តម្លៃកើនឡើង និងការរឹតបណ្តឹងបញ្ជីសារពើពន្ធអចលនទ្រព្យបានកាត់បន្ថយអ្នកទិញគេហដ្ឋានហើយនេះជាកត្តាដែលបានធ្វើឱ្យការលក់ផ្ទះមួយចំនួនបានធ្លាក់ចុះវិញបន្ទាប់ពីកើនឡើងកាលពីខែមុននេះ ។
ទីភ្នាក់ងារ FHFA បានបញ្ជាក់ថា តម្លៃគេហដ្ឋាននៅក្នុងរដ្ឋHawaii រដ្ឋ Alaska រដ្ឋ Washington រដ្ឋ Oregon និងរដ្ឋ California បានធ្លាក់ចុះស្ទើតែ ០,៤ភាគរយក្នុងខែមិថុនា បើធៀបនឹងខែឧសភា។
ខណៈនោះដែរ សម្រាប់តម្លៃគេហដ្ឋាននៅក្នុងតំបន់ភ្នំ ដែលមានរដ្ឋMontanaរដ្ឋ Idaho រដ្ឋ Wyomingរដ្ឋNevadaរដ្ឋ Arizonaរដ្ឋ New Mexicoរដ្ឋUtah និងរដ្ឋ Colorado បានកើនឡើង ៨,៦ភាគរយកាលពីខែមិថុនា។
ភ្នាក់ងារ FHFA បានវាស់កម្រិតនៃការផ្លាស់ប្តូរតម្លៃអចលនទ្រព្យដោយប្រើប្រាស់ការទិញអចលនទ្រព្យ ជាមួយនឹងបំណុលអចលនទ្រព្យនៅក្នុងប្រទេស ដោយមានការគាំទ្រពីក្រុមហ៊ុនផ្តល់កម្ចី Fannie Mae។ យ៉ាងណាក៏ដោយ ភ្នាក់ងារនេះមិនបានបញ្ជាក់ពីតម្លៃផ្ទះឱ្យបានច្បាស់លាស់ទេ៕