ភ្នំពេញ៖ ពិតជារន្ធត់ណាស់! មនុស្សប្រុសស្រី២នាក់ជិះម៉ូតូឌុបគ្នាក្នុងល្បឿនយ៉ាងលឿនមិនប្រយ័ត្នជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងអូសជាច្រើនម៉ែត្របណ្ដាលឱ្យស្លាប់មនុស្សម្នាក់ និងបុរសម្នាក់រងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ខាងត្បូងស្ពានព្រែកព្នៅ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ បុរសនារីរងគ្រោះទាំង២នាក់ បានចេញពីហូបអាហារជុំគ្នាទៅផ្ទះវិញ ដោយខាងស្រីជាអ្នកឌុបជិះម៉ូតូ១គ្រឿងម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IB-2294 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿន ខណៈពេលមកដល់ចំណុចកើតហេតុក៏បានរេចង្កូតទៅឆ្វេងដៃ ជ្រុលទៅបុកជាមួយរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យនារីខាងលើបែកក្បាលស្លាប់ ដួលម៉ូតូជាច្រើនម៉ែត្រ។ ចំណែកបុរសដែលជិះពីក្រោយរងរបួសធ្ងន់ធ្ងរ ត្រូវបានពលរដ្ឋនាំគ្នាទាក់ទងទៅកាន់រថយន្តសាមុយមកដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែងយកទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំក្រុមគ្រួសារម្ចាស់ម៉ូតូមកទទួលទៅវិញនៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចក៏បានទាក់ទងទៅកាន់ក្រុមគ្រួសារសពរួចបានប្រគល់សពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ