ព័ត៌មានទាន់ហេតុការណ៍៖

ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសបដិសេធ ការចោទប្រកាន់គ្មានសច្ចធម៌មកលើថ្នាក់ដឹកនាំ និងមន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីប្រកាសបដិសេធ ការចោទប្រកាន់គ្មានសច្ចធម៌មកលើថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមជម្រាបជូនសាធារណជនជ្រាបថា ថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយឈ្មោះ Sithy Heng បានបង្ហោះខ្លឹមសារភ្ជាប់រូបភាពជាបន្តបន្ទាប់ ដោយបំភ័ន្ត ព័ត៌មាន និងចោទប្រកាន់ផ្ទុយសច្ចធម៌មកលើថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមបញ្ជាក់ជូនថា ក្នុងនាមជាស្ថាប័ន សេនាធិការរាជរដ្ឋាភិបាល ទទួលខុសត្រូវលើវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្រសួងមហាផ្ទៃក្រោមការដឹកនាំរបស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី មាន ទំនួលខុសត្រូវខ្ពស់ណាស់ ចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរទាំងមូល ក្នុងនោះក៏រួមទាំងលើការងារប្រឆាំងអំពើពុករលួយ និងជាពិសេសការបង្ក្រាបឧក្រិដ្ឋជនខុសច្បាប់។ ពោលគឺ មិនដូចសំណេរបង្ហោះចោទប្រកាន់បែបរវើរវាយ របស់គណនីហ្វេសប៊ុកឈ្មោះ Sithy Heng នោះឡើយ។

«នៅពេលសត្វសុនខត្រូវគ្រប់គ្រងដោយមេរោគ វាពិតជាដើរខាំគេឯងមិនរើសមុខ ដូចចាស់បុរាណ ឧទានតៗគ្នាមកមែន!»។ ក្នុងន័យនេះ ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមគូសបញ្ជាក់ជូនថា គណនីហ្វេសប៊ុកឈ្មោះ Sithy Heng នេះ បង្កើតឡើងតាំងពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ម្លេះ ហើយកន្លង មកការបង្ហោះផ្សាយលើគណនីនេះក៏ពុំបានធ្វើឱ្យប៉ះពាល់ស្ថាប័នសាធារណៈ សិទ្ធិបុគ្គល ឬប្រយោជន៍សង្គម នោះឡើយ។ ផ្ទុយទៅវិញ មានសកម្មភាពល្អៗដល់សង្គមជាតិជាច្រើនត្រូវបានគណនីនេះបង្ហោះផ្សាយ។ ក៏ប៉ុន្តែ មួយរយៈចុងក្រោយ គណនីដដែល ស្រាប់តែបង្ហាញរបៀបវារៈលើកតម្កើងខ្លួនជាបុគ្គលស្អាតស្អំ ដោយប្រើ វិធីសាស្ត្រផ្សព្វផ្សាយបរិហារចោទប្រកាន់ គ្មានរើសមុខជាបន្តបន្ទាប់លើថ្នាក់ដឹកនាំ និងមន្ត្រីរាជរដ្ឋាភិបាល រួម ទាំងក្រសួងមហាផ្ទៃ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកវិនិយោគ។ កាន់តែហួសចិត្តទៀតនោះ ម្ចាស់គណនីនេះ ថែមទាំងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាច្រើនដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិទៀតផង។

ដើម្បីជាមូលដ្ឋានសម្រាប់ការពិចារណាឈរលើសច្ចធម៌ និងដើម្បីជម្រះមន្ទិលសាធារណជនដែលអាច ងឿងឆ្ងល់ថា ហេតុអ្វីក៏ស្រាប់តែគណនីហ្វេសប៊ុកឈ្មោះ Sithy Heng ចេះតែផ្សព្វផ្សាយបរិហារចោទប្រកាន់គេ ឯងយ៉ាងដូច្នេះ? ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមផ្តល់ព័ត៌មានសង្ខេបជូនថា ម្ចាស់ គណនីហ្វេសប៊ុក ដែលមានឈ្មោះថា ហេង សិទ្ធី ត្រូវបានសមត្ថកិច្ចកម្ពុជាដាក់ក្នុងបញ្ជីនិវេទន៍ក្រហមតាមចាប់ ខ្លួន បន្ទាប់ពីបុគ្គលនេះ រងបណ្ដឹងនានា និងមិនចូលខ្លួនតាមការកោះហៅរបស់សមត្ថកិច្ច។ ព្រោះហេតុដូច្នេះ ហើយ បានជាបុគ្គលនេះ ប្រើបណ្តាញសង្គមផ្សាយព័ត៌មានបំភ្លៃ បំភ័ន្តចោទប្រកាន់លើគេឯងជាបន្តបន្ទាប់ដោយបំពានក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាធ្នាក់អូសទាញប្រទេស ឬអង្គការមួយចំនួន ណានោះ ឱ្យចេញមុខការពារខ្លួន ឬផ្តល់សិទ្ធិជ្រកកោនក្រោមលេសដូចដែលក្រុមប្រឆាំងអស់ក្បួននិយមធ្វើ តៗគ្នាដោយ តាំងខ្លួនជាអ្នករងការធ្វើទុក្ខបុកម្នេញ ទាំងធាតុពិត ខ្លួនបានប្រព្រឹត្តសកម្មភាពបំពានច្បាប់ យ៉ាងគគ្លីន ឬក៏អាចនិយាយមួយបែបទៀតថា ដើរប្រកាសឱ្យគេចាប់ចោរ ទាំងដែលខ្លួនជាចោរ។ ភ្ជាប់ទៅ នឹងទិដ្ឋភាពច្បាប់ ទង្វើបុគ្គលឈ្មោះ ហេង សិទ្ធី ឬម្ចាស់គណនី Sithy Heng មិនមែនជាសេរីភាពបញ្ចេញ មតិនោះឡើយ។ ប៉ុន្តែច្បាស់ណាស់ សកម្មភាពទាំងនេះ ជាករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង ញុះញង់ឱ្យមានការរើសអើង ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

ដោយឡែក ឈរលើទស្សនៈ មាសសុទ្ធមិនខ្លាចភ្លើង សូមម្ចាស់គណនី ឬបុគ្គលខាងលើនេះ បង្ហាញ សាធារណជនមក បើខ្លួនពិតជាមានភស្តុតាងច្បាស់ក្រឡែតថា លោកអភិសន្តិបណ្ឌិត ស សុខា ថ្នាក់ដឹកនាំ ឬមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបណា បានប្រព្រឹត្តអំពើពុករលួយ កាង ឬការពារក្រុមឧក្រិដ្ឋជន ខុសច្បាប់។ ដើម្បីសម្អាតភាពអាម៉ាស់ ដែលសាធារណជនកំពុងវាយតម្លៃថា ខ្លួនកំពុងវង្វេងវង្វាន់ឬយ៉ាងណា បានជាប្រើសម្ដីផង និងសំណេរបង្ហោះលើហ្វេសប៊ុកផង បង្កើតរឿងចោទប្រកាន់គេឯងដោយគ្មានទំនួលខុស ត្រូវយ៉ាងដូច្នេះនោះ សូមលោក ហេង សិទ្ធី បញ្ចេញភាពក្លាហានបង្ហាញភស្តុតាងមក ជាពិសេសត្រង់ការចោទ ប្រកាន់ថា ឯកឧត្តមអគ្គិសន្តិបណ្ឌិត បានគាបសង្កត់ថ្នាក់ក្រោមគ្រប់អគ្គនាយកដ្ឋានដើម្បីរកប្រាក់ក្នុង ពេលបំពេញការងារនោះ សូមលាតត្រដាងឱ្យមជ្ឈដ្ឋានទូទៅបានឃើញមក។ ប្រសិនបើគ្មានភស្តុតាងបញ្ជាក់ ទេ សូមបញ្ឈប់ទៅ ការយកផលប្រយោជន៍ជាតិក្តី កិត្តិយសស្ថាប័នសាធារណៈក្តី កិត្តិយសនិងសិទ្ធិបុគ្គល ដទៃក្តី ទៅធ្វើជាខែលការពារទង្វើខុសច្បាប់របស់ខ្លួន ឬដើម្បីគ្រាន់តែរំដោះភាពទាល់ច្រកណាមួយ នៃរឿងរ៉ាវ ស្មុគស្មាញក្នុងជីវិតខ្លួន ចាប់ពីពេលនេះតទៅ។

ដូចបានបញ្ជាក់ជូនមកនេះ ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏សូមអំពាវនាវ សាធារណជន កុំជឿលើការផ្សព្វផ្សាយយកជាការមិនបានរបស់បុគ្គលឈ្មោះ ហេង សិទ្ធី ឬម្ចាស់គណនី Sithy Heng ព្រមទាំងបញ្ឈប់សកម្មភាពចែករំលែករាល់ការផ្សព្វផ្សាយមានខ្លឹមសារផ្ទុយនឹងច្បាប់របស់ បុគ្គលនេះ។ ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមលើកទឹកចិត្តសាធារណជន រួមគ្នាប្រឆាំង ព័ត៌មានក្លែងក្លាយ តួយ៉ាងការប្រតិដ្ឋផ្សាយរវើរវាយដ៏ពុតត្បុតដូចបុគ្គលខាងលើបាននិងកំពុងប្រព្រឹត្ត ពីព្រោះ វាជា អាវុធបំពុលសង្គមប្រភេទថ្មីដ៏ពេញនិយម និងងាយនាំទៅរកមហន្តរាយទាំងលើបុគ្គល សង្គម និងជាតិទាំងមូល៕

ដោយ ៖ សិលា


ចែករំលែក៖