ភ្នំពេញៈ ម្ចាស់ជ័យលាភីលេខ២ប្រចាំ កម្មវិធី “ផ្កាយរះក្នុងសួន” លោកជ័យ សុវ៉ាតបានប្រកាសចេញថតបទថ្មីកាលពីថ្ងៃទី ២៧ ខែសីហានេះ នៅក្នុងបរិវេណសកល វិទ្យាល័យន័រតុន។ និស្សិតសិក្សាផ្នែកសុខាភិបាលប្រមាណ១០០នាក់នៃសាលានេះក៏បានស្ម័គ្រចិត្តចូលរួមសម្ដែងដើម្បី បង្ហាញពីទុក្ខលំបាករបស់ពួកគេក្នុងការ សិក្សាលើមុខជំនាញទៅមហាជននិងចង់ឲ្យក្រុមគ្រួសារយល់ពីបញ្ហាប្រឈមនានារបស់ពួកគេដែរ។
លោក ជ័យ សុវ៉ាត និយាយថា បទ ច្រៀង”ជីវិតនិស្សិតពេទ្យ” គឺជាបទភ្លេងថ្មីដែលជាការនិពន្ធទំនុកច្រៀងនិងបទភ្លេងដោយលោកផ្ទាល់ ។លោកថា បទនេះ គឺជាការនឹកឃើញចេះតែច្រៀងលេងៗ ហើយដោយកត់សម្គាល់ថាចង្វាក់ដែលបានប្រឌិតឡើងអាចធ្វើជាបទភ្លេចល្អក៏សម្រេចផលិតជាចម្រៀង ហើយនិពន្ធទំនុកច្រៀងនិយាយពីនិស្សិតពេទ្យឲ្យល្អតែម្ដង។ លោក បន្តថា បទនេះនឹងបញ្ចេញនៅលើ Youtube នៅថ្ងៃទី១៥ ខែកញ្ញា ខាងមុខ ហើយ បទនេះដែរ ក៏នឹងក្លាយជាបទដែលលោកគ្រោងលើកយកមកច្រៀង ក្នុងព្រឹត្តិការណ៍កម្រាលព្រំដ៏អស្ចារ្យរបស់សាលាន័រតុននៅថ្ងៃទី១៧ ខែកញ្ញាខាងមុខនោះដែរ។
លោក និយាយថា អត្ថន័យសំខាន់នៃបទចម្រៀងនេះគឺបានរៀបរាប់ពីការលំបាករបស់និស្សិតពេទ្យគ្រប់គ្នាដែលត្រូវតស៊ូតាំងពីឆ្នាំទី១ រហូតដល់ឆ្នាំទី៨ ទម្រាំអាចបញ្ចប់ការសិក្សាមួយនេះបាន។ លោកថា បទនេះ នឹងរំពឹងថាជោគជ័យដោយសារតែភាពជាក់ស្ដែង គឺមនុស្សតិចណាស់បានដឹងពីការលំបាករបស់និស្សិតពេទ្យ និងផ្អែកថា និស្សិតពេទ្យនៅក្នុងប្រទេសកម្ពុជាភាគច្រើនពិតជាគាំទ្របទនេះ។ លោកថា ដោយសារខ្លួនជានិស្សិតពេទ្យឆ្នាំទី៤ស្រាប់និងបានដឹងពីទុក្ខលំបាកក្នុងការសិក្សាជំនាញនេះ ទើបអាចនិពន្ធបទថ្មីដែលឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់អ្នកចង់រៀនពេទ្យបាន។
លោក បញ្ជាក់ដែរថា ក្រៅពីការសិក្សាជាមួយនឹងឯកសារមេរៀនដ៏ច្រើននិស្សិតខ្លះក៏ត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារ។ លោកថាការសិក្សា ជំនាញផ្នែកពេទ្យឬវេជ្ជបណ្ឌិតត្រូវការការព្យាយាមខ្លាំងនិងហ្មត់ចត់ព្រោះតែជំនាញនេះគឺត្រូវយកទៅសង្គ្រោះជីវិត្តមនុស្ស ហើយអ្វីដែលលោកចង់បានមកវិញពីអ្នកទស្សនានិងស្តាប់បទចម្រៀងនេះគឺការយល់ចិត្ត និងផ្តល់តម្លៃមកលើនិស្សិតដែលកំពុងបន្តការសិក្សាលើជំនាញដ៏លំបាកមួយ។ ប៉ុន្តែ អ្វីដែលលោកសប្បាយចិត្តនោះ គឺលោកទទួលការចូលរួមពីនិស្សិតពេទ្យនៅក្នុងសាកលវិទ្យាល័យន័រតុនរហូតដល់១០០នាក់មកចូលសម្ដែងនៅក្នុង MV នេះ។
លោកថា សកម្មភាពដែលលោកចេញថត មិនមែនជាឈុតទាំងស្រុងក្នុងបទ”ជីវិត និស្សិតពេទ្យ” នោះទេ គឺលុះត្រាតែបទដែលគ្រោងនឹងប្រូម៉ូតនេះទទួលបានការគាំទ្រ ទើបលោកនឹងចុះថត MV ឲ្យពេញលេញ ម្ដងទៀតហើយនឹងមានការរៀបចំឲ្យនិស្សិតពេទ្យបន្ថែមទៀតចូលរួមសម្ដែង។
តារាចម្រៀង ជ័យ សុវ៉ាត ស្នើទ្រ ទស្សនិកជនជួយគាំទ្របទចម្រៀងថ្មីនេះដោយសារបទនេះជាស្នាដៃដំបូងដែលលោកនិពន្ធ និងច្រៀងដោយផ្ទាល់ ហើយលើកឡើងពីជីវិតដ៏កម្សត់របស់និស្សិតពេទ្យភាគច្រើន ដែលតស៊ូទម្រាំបានបញ្ចប់ការសិក្សា៕ វឌ្ឍនា