ព័ត៌មានទាន់ហេតុការណ៍៖

បើកការដ្ឋានសាងសង់អគារទីស្នាក់ការក្រុមប្រឹក្សា និងស្នាក់ការសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឱ្យសមាជិកក្រុមប្រឹក្សាមានកន្លែង បំពេញការងារ បំរើផលប្រយោជន៍ជូនពលរដ្ឋ

ចែករំលែក៖

    ភ្នំពេញ៖  អគាររដ្ឋបាលក្រុមប្រឹក្សា និងជាទីស្នាក់ការសមាគមក្រុមប្រឹក្សា រាជធានី-ខេត្ត នៃព្រះរាជា ណាចក្រកម្ពុជា ជារដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានទីតាំងស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានចាប់ផ្តើមសាងសង់ហើយ ដើម្បីឱ្យសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ដែលជាតំណាងប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិ មានកន្លែងសំរាប់បំពេញការងារ បំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋ កាន់តែល្អប្រសើរថែមទៀត។

      ពិធីក្រុងពាលីបើកការដ្ឋានសាងសង់អគារទីស្នាក់ការសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិនេះ បានធ្វើ ឡើងនាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តនៃព្រះរាជាណាចក្រកម្ពុជា។

      ឯកឧត្ដម ម៉ប់ សារិន បានបញ្ជាក់ថា៖ ពាក់ព័ន្ធនឹងគម្រោងសាងសង់អាគារទីស្នាក់ការសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិនេះ ខ្ញុំសូមអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជា ណាចក្រកម្ពុជា ដែលបានជួយឧបត្ថមថវិកាចំនួន៣ម៉ឺនដុល្លារសម្រាប់សាងសង់អគាររដ្ឋបាលនេះ។

    ឯកឧត្ដម ម៉ប់ សារិន ក៏បានថ្លែងនូវការអរគុណ ចំពោះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានផ្តល់ដីទំហំជាង៤៣០០ម៉ែត្រការ៉េ នៅក្នុងសង្កាត់គោករកាខណ្ឌព្រែកព្នៅនេះ ដើម្បីកសាងអគាររដ្ឋបាលសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ក្នុងការបំពេញការងាររបស់សមាគមឱ្យបានកាន់តែល្អប្រសើរ។

    សូមបញ្ជាក់ថា៖  ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសថា ៖ដីដែលសាងសង់អគារទីស្នាក់ការសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា មានផ្ទៃដីទំហំជាង៤៣០០ម៉ែត្រការ៉េ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់ជូនក្នុងអំឡុងពេលដែល ឯកឧត្ដមរួមជាមួយឯកឧត្ដម ម៉ប់ សារិន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកមហាសន្និបាតអាណត្តិទី៣របស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៤ធ្នូឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលមន្និបាតនិងពិព័រណ៍កោះពេជ្រ ខណ្ឌចំការមនកន្លងមក។ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជាត្រូវបានបង្កើតឡើងតាមរយៈមហាសន្និបាត នាថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០១៣ ហើយត្រូវបានចុះបញ្ជីទទួលស្គាល់ដោយក្រសួងមហាផ្ទៃនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣ ៕ 

ដោយ ៖ សំរិត


ចែករំលែក៖