ខេត្តពោធិ៍សាត់ ៖ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ម្សិលមុិញ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងយុវជនចូលរួមចលនាសម្អាតបរិស្ថានអនាម័យនៅតាមដងផ្លូវ តាមទីសាធារណៈ និងតាមខ្នងផ្ទះគ្រួសារអតីតយុទ្ធជន ដើម្បីត្រៀមទទួលបដិសណ្ឋារកិច្ចវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខជាមួយបងប្អូនគ្រួសារអតីតយុទ្ធជនទាំង ៦២៨ គ្រួសារ និងសម្ពោធសមិទ្ធផលនានា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២៥ខាងមុខនេះ។
គួរជម្រាបជូនថា ៖ ភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង គឺជាភូមិដែលទើបនឹងបង្កើតថ្មី ដោយកាត់ចេញពីភូមិសាយ នៃឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានចម្ងាយប្រមាណ៨០គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ និងមានចម្ងាយប្រមាណ៥០គីឡូម៉ែត្រ ពីទីរួមស្រុកក្រគរ។ ប្រជាពលរដ្ឋដែលរស់នៅភូមិថ្មីនេះ មានចំនួន៦២៨គ្រួសារ សុទ្ធសឹងជាគ្រួសារអតីតយុទ្ធក្រីក្រ ដែលត្រូវជ្រើសរើសឱ្យទទួលបានផ្ទះ និងដីសម្បទានសង្គមកិច្ច ពីរាជរដ្ឋាភិបាល ដែលពួកគាត់ទាំងអស់នោះ បានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដី និងពលីជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ ជាពិសេសធ្វើឱ្យប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ។
ក្រោមការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបន្តដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺសម្តេចតែងតែចងចាំជានិច្ច ទៅដល់គ្រួសារអតីតយុទ្ធជន ដែលជាអ្នកធ្លាប់បានចូលរួមតស៊ូរំដោះជាតិ ដោយបានសាងសង់ផ្ទះ ផ្តល់ដីសម្បទានសង្គមកិច្ច សាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលជាតម្រូវការចាំបាច់ ដូចជាសាលារៀន មន្ទីរពេទ្យ វត្តអារាម អណ្តូងទឹក តបណ្តាញអគ្គិសនី ដាក់ភ្លើងសូឡា សាងសង់ទំនប់ស្ទាក់ទឹក ទំនប់បង្ហៀរ ផ្លូវខ្វាត់ខ្វែង បណ្តុះបណ្តាលបច្ចេកទេសកសិកម្មទំនើប និងផ្តល់អំណោយជាស្បៀងសម្ភារ ទៅតាមលទ្ធភាពជាក់ស្តែង ដែលក្នុងនោះមានរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត ជាសម្ព័ន្ធមេត្រីភាពជាមួយ៕
ដោយ ៖ សិលា