ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា តបតាមការ អញ្ជើញរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិត តាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (H.E. Tan Sri Dato (Dr.) Johari Bin Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាម៉ាឡេស៊ី អញ្ជើញមកបំពេញ ទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាម៉ាឡេស៊ីនាពេលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភានៃប្រទេសទាំងពីរឱ្យកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដោយតម្កល់ផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិជាស្នូល។ នៅក្នុងដំណើរទស្សនកិច្ចនេះ លោកបណ្ឌិត តាន់ស្រី ជាតូ ហ្សូហារី ប៊ីន អាប់ឌុល និងគណៈប្រតិភូ មានគម្រោងអញ្ជើញជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសម្តែងការគួរសម និងជំនួបចរចាទ្វេភាគីជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញជួបសម្តែងការគួរសម ពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា