រាត្រីកាស្ងប់ស្ងាត់សូម្បីតែសត្វក៏សឹងតែមិនហ៊ានស្រែកយំ ដែលហាក់បីដូចជាមានអំណាចអ្វីមួយមកគ្របសង្កត់។ ពន្លឺព្រះចន្ទបានប្រែក្លាយទៅជាអួរអាប់ ព្រោះមានដុំពពកខ្មៅជាច្រើនបានបាំងបិទធ្វើឲ្យផែនដីប្រែងងឹតសូន្យឈឹង។ក្រឡេកមកមើលរូបខ្ញុំនាពេលនេះមិនខុសអ្វីពីព្រះចន្ទឡើយ។ ខ្ញុំគ្មានសល់អ្វីទាល់តែសោះ ក្រៅពីវិបត្តិ និងវិប្បដិសារីមកតាមលងបន្លាចជារៀងរាល់ថ្ងៃ រាល់ពេលដែលខ្ញុំឮពាក្យថាអង្គការ គឺហាក់បីដូចជាមានអ្វីមកចាប់ទាញអូសខ្ញុំឲ្យនឹកដល់រឿងរ៉ាវអតីតកាលខ្មៅងងឹតភ្លាម។
ជយោសន្តិភាព គឺជាពាក្យដែលអង្គការខ្មែរក្រហមស្រែកប្រកាស ក្តែងៗ នៅពេលដែលខ្លួនកាន់កាប់អំណាច។ ខ្ញុំទុកចិត្តអង្គការដោយមិននឹកស្មានថា លទ្ធផលគឺមានតែខោអាវ មួយសម្រាប់ជាប់នឹងខ្លួនសោះ។
ខ្ញុំរស់នៅម្ដុំផ្សារទួលទំពូង ក្នុងសង្កាត់លេខ ៥។ ខ្ញុំរស់នៅក្នុងក្រុមគ្រួសារដែលមានជីវភាពធូរធារមិនធ្លាប់ស្គាល់ភាពលំបាកវេទនាឡើយ។ ឪពុករបស់ខ្ញុំគឺជាគ្រូបង្រៀន ចំណែកឯម្ដាយរបស់ខ្ញុំវិញគឺជាមេផ្ទះ។ ខ្ញុំគិតតែខំរៀនសូត្រជារៀងរាល់ថ្ងៃមិនធ្លាប់ស្គាល់ភាពលំបាកវេទនាយ៉ាងណានោះទេ។ បន្ទាប់ពីរៀបការរួចខ្ញុំមានម្ដាយក្មេកជាអ្នកទទួលរ៉ាប់រងបម្រើសព្វគ្រប់បែបយ៉ាង។ សន្តិភាពរបស់អង្គការខ្មែរក្រហម បានបំផ្លិចបំផ្លាញសុភមង្គលរបស់ខ្ញុំខ្ទេចខ្ទីគ្មានសល់។ ម្ដាយ ឪពុក បងប្អូនសាច់ញាតិរបស់ខ្ញុំ ស្លាប់អស់គ្មាននៅសេសសល់ឡើយ។ ចំណែកខ្ញុំត្រូវបានខ្មែរក្រហមជម្លៀសពីទីក្រុងភ្នំពេញទៅនៅម្ដុំព្រៃស្លែង ជាប់ផ្លូវជាតិលេខ ២។ ជីវិតរបស់ខ្ញុំដូចចករសាត់អណ្ដែតកណ្ដាលគង្គាគ្មានទីពឹងពាក់ គ្មានកោះត្រើយ។ ប្ដីរបស់ខ្ញុំត្រូវខ្មែរក្រហមបំបែកចេញពីខ្ញុំឲ្យទៅរស់នៅឯគោកចំបក់។ ខ្ញុំរស់នៅជាមួយកូនតូច២នាក់ដែលកូនច្បងរបស់ខ្ញុំមានអាយុបីឆ្នាំ រីឯកូនរបស់ខ្ញុំម្នាក់ទៀតទើបតែមានអាយុ១ឆ្នាំ។
វេលាយប់មួយខ្ញុំហាក់បីដូចជាចម្លែកក្នុងចិត្តភិតភ័យម្នាក់ឯង។ វាហាក់បីដូចជាមានអ្វីចង់មកប៉ុនប៉ងសម្លាប់ខ្ញុំ។ សំឡេងសត្វលលកខ្មោចស្រែកយំទ្រហឹងអឺងកងកងពាសពេញខាងក្រោយផ្ទះរបស់ខ្ញុំ។ យប់ស្ងាត់ឈឹងឆ្កែចេះតែលូបណ្តាក់គ្នាកាន់តែខិតជិតផ្ទះខ្ញុំទៅៗ។ ខ្ញុំញ័រជើងដៃអស់ហើយខ្លាចសំឡេងដែលលលកខ្មោច និងនឹកដល់ពាក្យចាស់ៗច្រើនពោលថា ឆ្កែលូខ្មោចដើរផង ខ្ញុំនឹកសង្វេគខ្លួនមានម៉ែ មានឪ ប៉ុន្តែត្រូវស្លាប់ចោលអស់ហើយ។ ខ្ញុំមានប្ដីដែរ ប៉ុន្តែប្ដីត្រូវចាកចេញទៅរស់នៅឆ្ងាយពីគ្នា។ ជីវិតខ្ញុំអើយ! ម៉េចក៏មកត្រូវវេទនារងកម្មយ៉ាងនេះ។ ខ្ញុំរស់នៅសល់តែកូនពីរនាក់ដេកលក់យ៉ាងស្រួលមិនដឹងថាថ្ងៃមុខទៅទៅជាយ៉ាងណាឡើយ។ ខ្ញុំកំពុងតែសញ្ជឹងគិតស្រមើស្រមៃម្នាក់ឯងស្រាប់តែមានសំឡេងឆ្កែព្រុសតៗគ្នាមកដល់នឹងផ្ទះរបស់ខ្ញុំតែម្ដង។រំពេចនោះស្រាប់តែមានសំឡេង គោះទ្វារឮសូរ ផាំង! ផាំង! ហើយមានសំឡេងស្រែកថា បើកទ្វារ…បើកទ្វារ ។
ខ្ញុំខំផ្ទៀងស្ដាប់ទាំងញ័រផង ភ័យផង។ បបូរមាត់របស់ខ្ញុំឡើងស្លេកអស់ហើយរួចក៏សួរតបទៅវិញថា នរណាគេមករកអ្វីទាំងយប់អធ្រាត្រ? សំឡេងមនុស្សប្រុសបានតបមកវិញថា ” ខ្ញុំប្ដីឯងណា” ខ្ញុំខំផ្ទៀងស្ដាប់យូរបន្តិចបានដឹងថាសំឡេងនោះពិតជាសំឡេងប្ដីរបស់ខ្ញុំមែន។ ខ្ញុំស្ទុះទៅបើកទ្វារឲ្យភ្លាមៗ ព្រោះខ្លាចក្រែងមានកងឈ្លបមើលឃើញ។
– ពុទ្ធោ! ឪវាឯងម៉េចមកទាំងយប់អធ្រាត្រអ៊ីចឹង?ខ្ញុំសួរទាំងភ័យបារម្ភ។ មិនឲ្យយប់យ៉ាងម៉េច បើទំរាំសុំអង្គការមកបានខ្ញុំកុហកអង្គការថាមកមើលឯងឈឺទៀតតើកូនយើងម៉េចហើយ? ស្ដាប់ប្តីខ្ញុំនិយាយចប់ស្ទើរតែមិនទាន់ ខ្ញុំក៏ប្រញាប់ឆ្លើយតបភ្លាមថា កូនយើងអាតូចក្តៅខ្លួនពេញមួយថ្ងៃមិនបាត់សោះ មិនដឹងត្រូវរកអ្វីឲ្យវាផឹកទេកូនយើងនៅតូចអ៊ីចឹង ដាក់អ្វីចូលក៏ក្អួតដែរ កូនយើងយំទារបៅតែដោះ ហើយខ្ញុំគ្មានទឹកដោះទេ ខ្ញុំអាណិតកូនណាស់ តែមិនដឹងបានអីឱ្យកូនស៊ីទេ បើរាល់ថ្ងៃនេះ ខ្ញុំខំដើរបេះបោចស្លឹកឈើលាយជាមួយបបរហូបឲ្យមានកម្លាំងកំហែង។ ប្ដីរបស់ខ្ញុំបារម្ភចំពោះកូនខ្លាំងណាស់។ យើងនិយាយគ្នាមិនបានយូរប៉ុន្មាន គាត់បានប្រាប់ឲ្យខ្ញុំឆាប់ចូលដេកយកកម្លាំងដើម្បីទៅធ្វើការនៅថ្ងៃស្អែក។
រាល់ព្រឹក ខ្ញុំត្រូវងើបពីព្រឹកបន្តិចដើម្បីទៅបុកស្រូវ ហើយរាល់ល្ងាចពេលប្រជាជនមកពីធ្វើការងារអស់ខ្ញុំប្រើកូនប្រុសច្បងរបស់ខ្ញុំឲ្យទៅរើសកួរស្រូវដែលខ្ញុំច្រូតពន្លិចទម្លាក់ទៅក្នុងស្រែ។ ខ្ញុំញីស្រូវល្មមតែបកបាន ទើបយកមកស្ទៃតិចៗកុំឱ្យតែមានដីចូល។ អង្កាមខ្ញុំមិនដែលខ្វល់ទេ។ ក្រៅពីនោះខ្ញុំបានបូតយកត្រួយដំឡូងមី ដើមល្ហុង និងស្លឹកកប្បាសផ្សែផ្សំគ្នាគ្រាន់ល្មមអាចហូបបានដើម្បីឲ្យកូនបានឆ្អែត៊។ មុនពេលចេញទៅធ្វើការងារនៅតាមវាលស្រែ ខ្ញុំរៀបចំទុកដាក់សព្វគ្រប់ឲ្យកូនរួចហើយបានខ្ញុំចេញទៅ។ ម៉ោងសម្រាកបាយថ្ងៃត្រង់ខ្ញុំឈ្លៀតពេលមកផ្ទះមើលកូនបន្តិច ហើយនៅថ្ងៃនោះខ្ញុំបានឃើញបុរសម្នាក់កំពុងតែឈរនៅខាងមុខគ្រែផ្ទះរបស់ខ្ញុំ។ បុរសនោះនិយាយឆ្ការដៃឆ្ការជើង។ ខ្ញុំមិនទុកចិត្តសោះពេលឃើញសកម្មភាពដូច្នេះ ។ ខ្ញុំបានដើរយ៉ាងលឿនសំដៅទៅទីនោះភ្លាម។
– លោកបង! ខ្ញុំនិយាយពីចម្ងាយ។ ខ្ញុំភ័យណាស់លោកអើយ! មកស្ងាត់ៗខ្ញុំស្មានតែជានរណាគេ? ម៉េចទៅអ្នកឯងភ័យរឿងអ្វី? បុរសម្នាក់នោះសួរខ្ញុំ ហើយខ្ញុំបានឆ្លើយតបទៅគាត់វិញថា មិនឲ្យខ្ញុំភ័យយ៉ាងម៉េចកើតបង បើជុំៗស្មានតែឪវាមានរឿងអី? ខ្ញុំកំពុងតែអត់ស្រួលក្នុងខ្លួនផងលោកបង ខ្ញុំខ្លាចតែមានរឿងអ្វីកើតឡើងបានចេះតែបារម្ភ។ ខ្ញុំដើរមកអម្បាញ់មិញគ្មានដឹងឈឺមុតដៃមុតជើងនោះទេ។ អ្នកអើយមួយៗទៅ ខ្ញុំមកលេងលោកប្អូនប៉ក់ ខ្ញុំនឹកនាគ្នាពេកយើងមិនដែលបានជួបគ្នាផងរវល់តែការងារនៅក្នុងស្រែ ហើយអស់ពីស្រែមកធ្វើការងារក្នុងប្រឡាយវិញ។ ឮគាត់និយាយឈ្មោះប្ដីរបស់ខ្ញុំដូច្នេះខ្ញុំក៏បានឃាត់គាត់កុំឱ្យនិយាយពីឈ្មោះប្ដីរបស់ខ្ញុំភ្លាម ព្រោះខ្ញុំខ្លាចកងឈ្លបដឹង រួចហើយខ្ញុំក៏លាគាត់ទៅមើលកូន។
ខ្ញុំចុះពីលើផ្ទះមកខាងក្រោយលាងទឹកអង្កររួចឆ្លៀតបេះត្រួយបន្លែផ្អែមមកលាយបាយ ស្រាប់តែឃើញឈ្លបម្នាក់ដើរកាត់ពីក្រោយផ្ទះរបស់ខ្ញុំយ៉ាងរហ័ស។ ខ្ញុំមិនហ៊ានសម្លឹងមើលមុខឈ្លបនោះចំទេ។ ខ្ញុំគិតតែបេះបន្លែឆាប់បានល្មមរួចត្រឡប់មកវិញ ព្រោះសំឡេងកូនរបស់ខ្ញុំយំឃ្លានបាយទ្រហឹងពេញផ្ទះ។ ពេលល្ងាចមកពីធ្វើការមកដល់ផ្ទះភ្លាម ខ្ញុំមកមើលកូនខ្ញុំដែលឈឺមុនគេ។ ថ្ងៃនេះកូនរបស់ខ្ញុំដូចជាត្រជាក់ជាងមុនបន្តិចហើយ។ មុខកូនរបស់ខ្ញុំមើលទៅឡើងក្រហមដូចធម្មតាវិញ។ ឃើញដូច្នោះខ្ញុំហាក់បីដូចជាស្រាកស្រាន្តបានបន្តិច។ បន្ទាប់មកខ្ញុំបានចុះមកដីនិងបានឮសំឡេងពីចម្ងាយស្រែកខ្លាំងដូចមនុស្សកំពុងឈ្លោះប្រកែកគ្នា។ ខ្ញុំស្ទុះទៅមើលឃើញកងឈ្លបចំនួន ៣ នាក់កំពុងតែដើរហុយដីសំពោងសំដៅមកត្រង់។ ខ្ញុំច្បាស់ណាស់ថា កងឈ្លបនោះសំដៅមកផ្ទះរបស់ខ្ញុំ ។ ផ្ទះរបស់ខ្ញុំស្ថិតនៅចុងគេបង្អស់ព្រោះខ្ញុំគឺជាប្រជាជន ១៧ មេសា។ (នៅមានត)