ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្ដុភារកម្ម បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើសូចនាករគន្លឹះ “ពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម (LPI score)” ក្នុងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥ ។ ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពី លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងស្ថាប័ន តំណាងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត តំណាងសភាពាណិជ្ជកម្មកម្ពុជា និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប។
ក្រុមប្រឹក្សាជាតិភស្ដុភារកម្មរៀបចំកិច្ចប្រជុំនេះឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាកំណត់នូវបន្ទាត់មូលដ្ឋាន (Baseline) និងចំណុចដៅ (Target) ចំពោះសូចនាករគន្លឹះ “ពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម (LPI score ឬ Logistics Performance Index score)” លើតារាងម៉ាទ្រីសវាស់វែងសមិទ្ធកម្ម សម្រាប់ក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ជំរុញធ្វើឱ្យប្រសើរឡើងពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្មរៀបចំដោយធនាគារពិភពលោក ដែលបានមកពីការវាស់ស្ទង់ប្រសិទ្ធភាពនៃវិស័យភស្តុភារកម្មនៅកម្ពុជា។
សមាសភាពចំនួន៦ ប្រើប្រាស់សម្រាប់ការវាស់ស្ទង់រួមមាន៖ ១. ប្រសិទ្ធភាពនៃប្រព័ន្ធគយ និងការគ្រប់គ្រងព្រំដែន (Custom), ២. គុណភាពនៃហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម និងដឹកជញ្ជូន (Infrastructure), ៣. ភាពងាយស្រួលនៃការរៀបចំដឹកជញ្ជូនទំនិញដែលមានតម្លៃសមរម្យ (International Shipment), ៤. សមត្ថភាព និងគុណភាពនៃសេវាកម្មដឹកជញ្ជូន (Logistics Competency & Quality), ៥. ភាពដឹកជញ្ជូនទំនិញទាន់ពេលវេលា (Timeliness), និង ៦. សមត្ថភាពក្នុងការតាមដានទំនិញនិងប្រេកង់ ដែលការដឹកជញ្ជូនទៅដល់អ្នកទទួលក្នុងរយៈពេលកំណត់ ឬរំពឹងទុកនៃការដឹកជញ្ជូន (Tracking & Tracing)៕
ដោយ៖ តារា