ព័ត៌មានទាន់ហេតុការណ៍៖

ការប្រកួតបង្កើតវីដេអូអប់រំខ្លីស្ដីពីដំណើរការចុះឈ្មោះបោះឆ្នោតលេខ១បានទៅលើក្រុមលោកវ៉ែន បូរី

ចែករំលែក៖

ភ្នំពេញ ៖ ការប្រកួតបង្កើតជាវីដេអូអប់រំខ្លី ស្ដីពីដំណើរការចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងទីភ្នាក់ងារសហប្រតិបត្តិការ ជប៉ុន ហៅកាត់ JICA បានរកឃើញចំណាត់ថ្នាក់លេខ១ក្នុងការចូលរួមប្រកួតប្រជែង ផលិតវីដេអូអប់រំខ្លី ទាក់ទងការចុះឈ្មោះបោះ ឆ្នោត បន្ទាប់ពីបានជម្រុះពី៣០ក្រុមមកនៅ១០ក្រុម ។ ជាលទ្ធផលគណៈកម្មាធិការជាតិរៀបចំបោះឆ្នោតបានផ្តល់ជូនទៅខាងក្រុមលោក វ៉ែន បូរី ទទួលបានចំណាត់ថ្នាក់លេខ១ដែលការផលិតវីដេអូខ្លីនេះ មានរយៈពេលតែ ៥៨វិនាទីប៉ុណ្ណោះ ។
លទ្ធផលជ័យលាភីនេះត្រូវបានប្រកាស កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ នៅសាលប្រជុំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បន្ទាប់ពីអង្គសិក្ខាសាលាស្តីពីការផលិតវីដេអូ ជាមួយនឹង វាគ្មិន និងក្រុមសម្របសម្រួលធ្វើការណែនាំពីការផលិតវីដេអូបច្ចេកទេសថតការកែសម្រួលខ្លឹមសារបានបញ្ចប់ ។
ជាគោលការណ៍សម្រាប់ជ័យលាភីត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជ្រើសរើសយ៉ាងសម្រិតសម្រាំងតែ៣ក្រុមប៉ុណ្ណោះ ក្នុងចំណោម១០ក្រុម ហើយ ចំណាត់ថ្នាក់លេខ១ បានមកក្រុមលោក វ៉ែន បូរី ចំណាត់ថ្នាក់លេខ២ ក្រុមលោកជុំ ចេស្តា និងលេខ៣ ក្រុមលោក ផាត ចាន់ណា ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានវាយតម្លៃទៅលើវីដេអូរបស់ក្រុមលោក វ៉ែន បូរី ដែលផលិតមានលក្ខណៈជាការអប់រំបង្ហាញទិដ្ឋភាពជាក់ស្តែងនៅមូលដ្ឋានរបស់ប្រជាពលរដ្ឋរស់នៅប្រចាំថ្ងៃ ពិតៗ និងមានពណ៌នាច្បាស់លាស់ពីការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់ ទូទាំងប្រទេស ។
លោក វ៉ែន បូរី តំណាងឲ្យក្រុមជ័យលាភីលេខ១បានប្រាប់អ្នកកាសែតយ៉ាងដូច្នេះថា ជ័យជម្នះនេះកើតឡើតដោយសារការខិតខំរបស់ក្រុមខ្ញុំដែលមានសមាជិក៥នាក់ ចូលរួមស្មើៗគ្មា ក្នុងការផ្តល់ជាបច្ចេកទេស និងខិតខំធ្វើការងារ ដោយងើបពីព្រឹកព្រលឹម ទៅកាន់ខេត្តព្រៃវែង ដើម្បីសម្ភាសន៍ ជាមួយប្រជាពលរដ្ឋ និងថតយកទិដ្ឋភាព ពិតៗនៅទីនោះដោយ ចំណាយពេលតែ មួយថ្ងៃ ។ មិនតែប៉ុណ្ណោះពួកខ្ញុំទាំងអស់គ្នារីករាយ និងថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះបងប្អូនប្រជាពលរដ្ឋនៅទីនោះដែលបានជួយសហការជាមួយក្រុមខ្ញុំសម្រាប់ ការផលិតវីដេអីអប់រំខ្លីមួយនេះរហូតទទួល បានជោគជ័យ ។
លោក វ៉ែន បូរី បន្តថា ជ័យលាភីនេះ មិនសំខាន់ទេសម្រាប់ពួកខ្ញុំនូវរង្វាន់ ទូរស័ព្ទដៃ ម៉ាក Sony មួយគ្រឿងនេះ តែអ្វីដែលក្រុមខ្ញុំជោគជ័យគឺខាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានវាយតម្លៃនូវលទ្ធផលការងារដែលខ្ញុំទាំងអស់គ្នាបានខិតខំធ្វើបានយ៉ាងមានប្រសិទ្ធភាព។ ខ្ញុំនិងក្រុមការងារ បើទោះជាម្នាក់ៗមានភារកិច្ចជាប់រវល់នឹងការងាររៀងៗខ្លួនក៏ដោយ ប៉ុន្តែពួកយើងខ្ញុំបានសម្រេចចិត្តរួចហើយថានឹងខំផលិតឲ្យមានលក្ខណៈពិសេសលើសពីនេះ ។
គួរបញ្ជាក់ថា នារសៀលថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០១៦ នេះ នៅសាលប្រជុំ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានរៀបចំអង្គសិក្ខាសាលាស្ដីពីការផលិតវីដេអូ និងពិធីប្រគល់រង្វាន់ដល់អ្នកដែលបានចូលរួមប្រកួតប្រជែងនូវការផលិតវីដេអូ វគ្គខ្លីៗពីកម្មវិធីចុះឈ្មោះបោះឆ្នោតឃុំ-សង្កាត់ខាងមុខនេះ ។
ក្នុងឱកាសនោះ លោក ម៉ុក ដារ៉ា បានឡើងអានសុន្ទរកថាដើម្បីបើកកម្មវិធីនៃ អង្គសិក្ខាសាលាស្ដីពីការផលិតវីដេអូនិង ពិធីប្រគល់រង្វាន់ចំពោះក្រុមដែលទទួលជ័យលាភី។
ក្នុងនោះលោក ជ័យ សម្បត្តិ ដែលជា វាគ្មិន បានណែនាំខ្លួនជាវាគ្មិន និងប្រធាន បទស្ដីពីការផលិតវីដេអូ ហើយក៏មានការ សម្របសម្រួលដោយលោក ទូច យឹនមុន្នី ព្រមទាំងធ្វើការណែនាំស្ដីពីការផលិតវីដេអូ តាំងពីការរៀបចំខ្លឹមសារនៃវីដេអូ បច្ចេក ទេសថត និងការកែសម្រួលខ្លឹមសារ ក៏ដូចជាឲ្យមានការអនុវត្តជាក់ស្ដែងខ្លីៗផង ។ នៅ ក្នុងអង្គសិក្ខាសាលានេះក៏ជាវគ្គសំណួរចម្លើយសម្រាប់សាធារណជនផងដែរ ។
ទោះយ៉ាងណា លោក ហង្ស ពុទ្ធា អ្នកនាំ ពាក្យ គ.ជ.ប បានបញ្ជាក់ឲ្យដឹងថា គ.ជ.ប បានត្រៀមកិច្ចការរបស់ខ្លួនរួចរាល់ហើយ ដើម្បីបើកយុទ្ធនាការ ចុះឈ្មោះបោះ ឆ្នោតឃុំប្រឹក្សា ឃុំសង្កាត់ នៅទូទាំង ប្រទេស។ ជាក់ស្តែងកាលពីម៉ោង២ រសៀលថ្ងៃ២៩ខែសីហាឆ្នាំ២០១៦នេះ ក្រុមការងារ គ.ជ.ប បានសាកល្បងការ បញ្ជូនទិន្នន័យទៅតាមបណ្តាខេត្តមួយ ចំនួន ។ ការសាកល្បងនេះ ក៏ទទួលបាន ជោគជ័យទាំងអស់។ សម្រាប់អ្នកសង្កេតការបោះឆ្នោតគណបក្ស ដែលហៅថា ភ្នាក់ងារគណបក្សបានចុះឈ្មោះនៅតាមឃុំ សង្កាត់ដើម្បីសង្កេតការណ៍នៅទីនោះ។ ចំណែកអ្នកសង្កេតការណ៍ចេញពីអង្គការសង្គមស៊ីវិលវិញ ត្រូវចុះឈ្មោះនៅ គ.ជ.ប រាជធានីភ្នំពេញតែម្តងហើយការចុះឈ្មោះសង្កេតការណ៍ខាងអង្គការសង្គមស៊ីវិល គឺធ្វើឡើងតាមអង្គភាព ៕ សុវណ្ណារ៉ា

 

dragon_1 copy


ចែករំលែក៖