ភ្នំពេញ ៖ នៅទីស្តីការក្រសួង កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០១៦ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលើ វឌ្ឍនភាពការងារ និងដាក់ចេញនូវទិសដៅ សម្រាប់អនុវត្តន៍នាពេលខាងមុខដោយចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ចំនួន៥១រូប។
លោករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកការងារតាមផ្នែកនីមួយៗ ត្រូវជំរុញបញ្ចប់ ការងារធំៗមួយចំនួនដូចជា ការរៀបចំផ្ទៀងផ្ទាត់បញ្ជីសារពើភណ្ឌ ប្រព័ន្ធធារាសាស្ត្រ ការរៀបចំផែនទីទឹក ជំនន់ និងការសិក្សាបន្តក្តាប់សក្តានុពលទឹក។ លោករដ្ឋមន្ត្រី ស៊ុយ សែម បន្តទៀតថា ការប្រមូល និងក្តាប់ បាននូវទិន្នន័យទាំងអស់នេះ គឺមានសារៈសំខាន់ណាស់ សម្រាប់ការរៀបចំផែនការអភិវឌ្ឍន៍លើវិស័យ ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ក្រសួង ។
ក្នុងគោលបំណងបម្រើ និងដោះស្រាយទឹកជូនបងប្អូនប្រជាកសិករឱ្យបានទាន់ពេលវេលា ក៏ដូចជាការត្រៀម លក្ខណៈទប់ទល់ និងកាត់បន្ថយគ្រោះធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុនាពេលខាងមុខ។
លោករដ្ឋមន្ត្រី ក៏បានណែនាំដល់មន្រ្តីដែលទទួលបន្ទុកតាមរាជធានី-ខេត្តនីមួយៗ ត្រូវត្រៀមលក្ខណៈឱ្យ បានគ្រប់គ្រាន់ ដូចជា ធនធានមនុស្ស គ្រឿងចក្រ ម៉ាស៊ីនបូមទឹក ប្រេងឥន្ធនៈ ឱ្យបានគ្រប់គ្រាន់ និងត្រៀម អន្តរាគមន៍ឱ្យបានទាន់ពេលវេលា ៕ ហេង សូរិយា
សូមអានបន្ត ៖ ខ្សឹបដាក់ត្រចៀក៖ ស្រីពេជ្រ កូនមេយោធា មេឈ្មួញដឹកឈើប្រណីតទ្រង់ទ្រាយធំនៅស្រុកកែវសីមា