ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េសន្យាជួយសូហ្វតឺន្នីសកម្ពុជារាល់សំណូមពរទាំងអស់ពីភាគីកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ក្រោយចុះពីលើយនហោះ ភ្លាម លោកជា ប៊ុនហេង អគ្គលេខាធិការ សហព័ន្ធកីឡាសូហ្វតឺន្នីកម្ពុជានិងប្រធានប្រតិភូដឹកនាំក្រុមជម្រើសជាតិសូហ្វតឺន្នីសកម្ពុជាដែលទទួលមេដាយសំរឹទ្ធិ១គ្រឿង អមជាមួយពានរង្វាន់១និងលិខិតសរសើរចំនួន១បានថ្លែងថា ថ្នាក់ដឹកនាំកីឡាសូហ្វតឺន្នីសកូរ៉េនិងថ្នាក់ដឹកនាំកីឡាសូហ្វតឺន្នីសទីក្រុងឈីងឈនបានសន្យាជួយរាល់ សំណូមពរទាំងអស់ពីភាគីសហព័ន្ធកីឡាសូហ្វតឺន្នីសកម្ពុជា។ ការថែ្លងរបស់លោក ជា ប៊ុនហេង បែបនេះគឺបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០១៦ នៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។

លោក ជា ប៊ុនហេង បានអះអាងថា គ្រាន់តែកីឡាករកម្ពុជាដែលផ្ញើឲ្យហ្វឹកហាត់រយៈពេល២សប្តាហ៍នៅប្រទេសកូរ៉េនោះ កីឡាករយើងម្នាក់បានចំណាយ១៧៥ ដុល្លារ ដូច្នេះការហ្វឹកហាត់នេះកូរ៉េបាន ជួយកម្ពុជាខ្ពង់ម៉ឺនដុល្លារទៅហើយ ។ ជា មួយគ្នានោះដែរ ភាគីកូរ៉េបានសន្យាជួយ បង្វឹកក្រុមកីឡាករជម្រើសជាតិសូហ្វតឺន្នីសទាំង៥នាក់ធ្វើយ៉ាងណាឈានទៅព្រឹត្តិ ការណ៍ប្រកួតកីឡាអូឡាំពិករដូវក្តៅនៅ ប្រទេសជប៉ុននាឆ្នាំ២០២០ខាងមុខឲ្យទទួលបានជោគជ័យ។ ចំពោះលទ្ធផលប្រកួត របស់ក្រុមកីឡាករកីឡាការិនីសូហ្វតឺន្នី កម្ពុជានៅប្រទេសកូរ៉េកន្លងមកនេះ លោក ជា ប៊ុនហេង បានឲ្យដឹងថា “កីឡាករកីឡាការិនីសូហ្វតឺន្នីសកម្ពុជាសរុប១១នាក់និងថ្នាក់ដឹកនាំ៤នាក់បានចេញដំណើរតាំងពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦តាមការ អញ្ជើញរបស់សហព័ន្ធកីឡាសូហ្វតឺន្នីស កូរ៉េ និងទទួលបានការឧបត្ថម្ភថវិកាពីសម្តេចក្រឡាហោម ស ខេង និងម្ចាស់ផ្ទះកូរ៉េផង ដែរ” ។

មេដាយសំរឹទ្ធិដែលអត្តពលិកកម្ពុជា ដណ្តើមបាននៅប្រទេសកូរ៉េនោះ គឺប្រកួតវិញ្ញាសាជាក្រុមមានកីឡាករ កាន់ សោភ័ណ្ឌ, ឯក ចំរើន, អន សម្បត្តិ, យី សសារិទ្ធិ, ប៉ិល វណ្ណី នឹង ឌិម សម្បត្តិ ដោយលេងឈ្នះក្រុមដែលមិចចូលគ្នាដូចជាកីឡាករមកពីប្រទេសម៉ុងហ្គោលី វៀតណាម និងឡាវ ក្នុងលទ្ធ ផល ២-០ ឈ្នះក្រុមហ្វីលីពីន ២-០ ប៉ុន្តែ កម្ពុជាបានលេងចាញ់ក្រុមថៃ ២-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយទទួលបានមេដាយសំរឹទ្ធិស្ទួនជាមួយក្រុមជប៉ុន ព្រោះ ជប៉ុនក៏បានចាញ់ក្រុមកូរ៉េនៅវគ្គ១/២ផ្តាច់ព្រ័ត្រដែរ ។

ចំពោះការប្រកួតឯកត្តជនបុរសរបស់ កីឡាករទាំង៨នាក់របស់កម្ពុជានិងការ ប្រកួតជាគូបុរស-នារីចំនួន៤គូនោះបានធ្លាក់នៅត្រឹមវគ្គ៨នាក់ទាំងអស់។រីឯការប្រកួតជាក្រុមនារីដែលកម្ពុជាមិចចូលគ្នាជាមួយកីឡាការិនី៤នាក់ផ្សេងទៀតរបស់ម៉ុងហ្គោលីនិងប៉ូឡូញនោះបានលេងចាញ់ក្រុម ហ្វីលីពីន ២-១ រួចបន្តចាញ់ក្រុមជប៉ុន ២-០ ។ ជាមួយលទ្ធផលនេះ លោក ជា ប៊ុនហេង បានបញ្ជាក់ថា “មេដាយសំរឹទ្ធិនេះជារឿងដ៏គួរឲ្យរំភើបនិងមោទនភាព បំផុតសម្រាប់កម្ពុជានៅក្នុងការប្រកួតកម្រិតពិភពលោកមួយនេះ។ ពីព្រោះការប្រកួតដែលយើងគ្មានសង្ឃឹមទាល់តែសោះបែរជាយើងឈ្នះបានមេដាយសំរឹទ្ធិស្ទួន១គ្រឿងដែរ រីឯក្រុមហ្វីលីពីនដែលជាក្រុមខ្លាំងបន្ទាប់ពីថៃនៅតំបន់អាស៊ាននោះគ្មានបានមេដាយ១គ្រឿងសោះ។ ដូច្នេះការប្រកួតនេះមាន តែកូរ៉េ ជប៉ុន ថៃ និងកម្ពុជា យើងប៉ុណ្ណោះ ដែលដណ្តើមបានមេដាយ”។

គួររំលឹកថា កីឡាករ កាន់ សោភ័ណ្ឌ, ឯក ចំរើន, អន សម្បត្តិ, យី សសារិទ្ធិ, និង ឌិម សម្បត្តិ ត្រូវបានប្រធានសហព័ន្ធកីឡាសូហ្វតឺន្នីសកូរ៉េ បានអនុញ្ញាតឲ្យនៅបន្តការហ្វឹកហាត់នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន កីឡាសូហ្វតឺន្នីសរបស់ក្រុមជម្រើសជាតិកូរ៉េ រហូតដល់ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៦ ជាមួយក្រុមកីឡាករវៀតណាមនិងថៃផង ដែរ ៕ សារីម

 

IMG_6394 IMG_6393 IMG_6392 IMG_6391 IMG_6390 IMG_6389


ចែករំលែក៖