ខេត្តកំពង់ចាម៖ ប្តីប្រពន្ធ២នាក់ដេកជាមួយគ្នាពេញមួយយប់ លុះព្រឹកឡើង ទើបដឹងថា ភរិយាស្លាប់បង្កឲ្យមានការភ្ញាក់ ផ្អើលកាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិបន្ទាយ ឃុំ បារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
មន្ត្រីនគរបាលស្រុកបារាយណ៍បានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ រុំ សាវាន អាយុ ៤៥ឆ្នាំ រស់នៅក្នុងភូមិ- ឃុំកើតហេតុខាង លើមានប្តីឈ្មោះ សឿន គាំង អាយុ៤២ឆ្នាំ រស់នៅក្នុងភូមិ-ឃុំជាមួយគ្នា។
តាមប្រភពពីប្តីរបស់ជនរងគ្រោះបាន បញ្ជាក់ថា នៅមុនពេលកើតហេតុភរិយា របស់គាត់បានផឹកស្រាស្រវឹង ហើយក៏បានដេកជាមួយគ្នានៅក្នុងផ្ទះដូចធម្មតា ប៉ុន្តែនៅម៉ោងប្រមាណ២រំលងអធ្រាត្រស្ត្រីរងគ្រោះបានចុះទៅបត់ជើងនៅខាងក្រៅផ្ទះចៃដន្យដើរដួលប៉ះដុំថ្មបណ្តាលឲ្យបែកមុខបន្តិចហើយក្រោយមកក៏ចូលទៅផ្ទះដេក វិញ។ លុះព្រឹកឡើងគាត់ដាស់ហៅប្រពន្ធឲ្យ ឡើងដាំបាយយកទៅស្រែតែមិនភ្ញាក់ទាល់ តែសោះទើបគាត់ដឹងថាប្រពន្ធរបស់គាត់បានស្លាប់បាត់ទៅហើយ ។
មន្ត្រីនគរបាលបានឲ្យដឹងទៀតថា ក្រោយ ពេលកើតហេតុសមត្ថកិច្ចបានចុះទៅផ្ទះស្ត្រីរងគ្រោះដើម្បីពិនិត្យ និងធ្វើកោសល្យ វិច័យបានសន្និដ្ឋានថា ស្ត្រីរងគ្រោះបានស្លាប់ដោយសារខ្យល់គរប្រាកដមែនពុំ មែនជាអំពើឃាតកម្មនោះទេ ។
បច្ចុប្បន្នសាកសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ហេង នរិន្ទ្រ